(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យជាតិក្រោយៗ នគរបាលនឹង ដាក់កាមេរ៉ា នៅតាមទីប្រជុំជន សម្រាប់ថតសកម្មភាព យានយន្តដែលបានល្មើសច្បាប់ ហើយនឹងមានការផាកពិន័យ ចំពោះអ្នកបើកបរណាដែល មិនគោរពច្បាប់ចរាចរណ៍ បង្កឲ្យមានការកកស្ទះចរាចរណ៍។ នេះបើយោងតាម ការចេញផ្សាយក្នុងគេហទំព័រ ផ្លូវការរបស់ អគ្គស្នងការនគរបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា មូលហេតុបានជានគរបាលធ្វើបែបនេះ ក៏ព្រោះតែក្នុងរយៈពេលនៃបុណ្យភ្ជុំបិណ្ឌចរាចរណ៍នៅតាម ផ្លូវក្នុងទីប្រជុំជនមួយចំនួន មានការកក់ស្ទះ ដោយសារតែការបើកបរ មិនគោរពច្បាប់ មិនគោរពសិទ្ធិអាទិភាព ចតគ្មានសណ្ដាប់ធ្នាប់ ហេតុដូច្នេះហើយ នគរបាលនឹងដាក់កាមេរ៉ា ដើម្បីផាកពិន័យចំពោះអ្នកបើកបរបែបនេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ តំណាងសម្ដេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការបើកបរដោយ ប្រុងប្រយ័ត្ន និងចូលរួមការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ដែលបានធ្វើឲ្យសភាពការណ៍មានការល្អប្រសើរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ធៀបនឹងរយៈពេល៥ថ្ងៃដូចគ្នា ឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចណ៍ បានកើតឡើង៧៥លើក (ឆ្នាំ២០១៥ កើតឡើង១០៩លើក) មនុស្សស្លាប់ ២៨នាក់ (ឆ្នាំ២០១៥ ស្លាប់៤៥នាក់) របួស១៣៩នាក់ (ឆ្នាំ២០១៥ របួស២១៨នាក់) ដែលគ្រោះថ្នាក់ភាគច្រើនទៅលើអ្នកបើកបរម៉ូតូ ហើយមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ភាគច្រើនលើ្មសល្បឿន៕