(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តកល្បព្រឹក (ហៅវត្តជង្រុក) ស្ថិតនៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីកាន់បិណ្ឌទី៦ នៅវត្តជង្រុក លោកអភិបាលខេត្តតាកែវ បានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ឆ្លៀតនៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ពុទ្ធបរិស័ទ និងមន្ត្រីរាជការ ដោយលើកឡើងពីកត្តាសន្តិភាព ដែលប្រទេសកម្ពុជាទើបតែទទួលបានជា២០ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្នុងនោះ វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលយើងទាំងអស់គ្នាបានឃើញដោយផ្ទាល់នឹងភ្នែក នៅតាមទីវត្តអារាម មានការកសាងកុដ និងព្រះវិហារជាច្រើនដែលនេះសបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ ទើបនាំគ្នាចូលរួមកសាងវត្តអារាមនៅក្នុងមូលដ្ឋានរបស់ខ្លួន៕