(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ បានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយជូនដល់សិល្បករសិល្បការិនីនៅក្នុងសមាគម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការសមាគមសិល្បករខ្មែរ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងតំណាងមកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ លោកឧត្តមសេនីយ៍ត្រី យិន យឿត និងលោកឧត្តមសេនីយ៍ត្រី ឈិន ភូមា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលខ្លីនេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនី ជុំវិញឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា បានបន្តថា ដើម្បីជំរុញឱ្យការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែសិល្បកររបស់យើង មានការយល់ដឹងឱ្យបានច្បាស់់លាស់ជាមុនសិន។ កាលណាពួកគាត់យល់កាន់តែច្បាស់ពីគ្រឿងញៀន នោះសារអប់រំរបស់ពួកគាត់ទៅកាន់មហាជន នឹងកាន់តែមានឥទ្ធិពល។

ថ្លែងក្នុងនាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីនាឱកាសនោះដែរឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់សមាគមដែលបានចូលរួមចំណែកនាពេលកន្លងមកហើយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានត្រៀមផ្ដល់នូវកិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការងារមានប្រសិទ្ធភាពពិសេសលើការងារផលិតមាតិកា រឿងអប់រំខ្លី បទចម្រៀងអប់រំ សម្រាប់ផ្សព្វផ្សាយតាមApp NoDrug៖ https://nodrugsnacd.com/download ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់សិល្បករ សិល្បការិនី។

គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ នឹងមានរៀបចំកម្មវិធីបណ្តុះបណ្តាលធំៗបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញឱ្យសិល្បករសិល្បការិនី មានការយល់ដឹងឱ្យកាន់តែច្បាស់លាស់ ស៊ីជម្រៅធានាដល់ការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕