(សាន់ហ្រា្វន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook Inc នៅថ្ងៃចន្ទនេះ បាន ផ្ដើមដាក់ឱ្យប្រើប្រាស់នូវ កំណែទម្រង់Version ទាបថ្មីមួយរបស់កម្មវិធី Messenger ក្នុងគោលបំណងពង្រីកទីផ្សារ នៅលើឆាកអន្តរជាតិ។ នេះបើតាមឱ្យដឹងពីនាយក Messenger លោក David Marcus ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
កម្មវិធី Messenger Lite ដែលប្រើប្រាស់ទិន្នន័យ Internet តិចតួចត្រូវបានរចនាឡើងសម្រាប់ បំពេញតម្រូវការប្រើប្រាស់នៅតាមតំបន់ឬ បណ្ដាប្រទេសមាន Internet ដើរយឺត ជាឧទាហរណ៍ កម្មវិធីថ្មីនេះនឹងត្រូវដំណើរការ នៅក្នុងប្រទេសមួយចំនួនដូចជា កេនយ៉ា ទុយនីស៊ី ម៉ាឡេស៊ី ស្រីលង្កា វេណេស៊ុយអេឡា និង បណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅពេលអនាគត។ បន្ថែមពីលើនេះ អ្នកប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន ប្រភេទ Android នៅតែអាចបន្តប្រើប្រាស់នូវកម្មវិធីស្នូលរបស់ Messenger ដូចជា ការផ្ញើរូបភាព ឬក៏ Links ជាដើម លើកលែងតែ Video និង Voice Call។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook ក៏មានគំរោងផ្ដល់ជូនផងដែរ កំណែរទម្រង់ Version ប្រើប្រាស់ទិន្នន័យ Internet តិចតួចនៅតាមបណ្ដាប្រទេសជាច្រើន ដោយផ្អែកលើគោលការណ៍ មិនយកកម្រៃ ដើម្បីភា្ជប់មនុស្ស ទៅនឹងប្រព័ន្ធ Internet ដែលពួកគេមិនមានការទំនាក់ទំនងគ្នាគួរឱ្យទុកចិត្តបាន៕