(បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលព័ត៌មានពីសន្តិសុខយាមនៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតថា មានករណីលក់ និងប្រើប្រាស់សារធាតុញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឈឿត សុគន្ធ អាយុ៤១ឆ្នាំ
*ទី២៖ ឈ្មោះ អាណានតាផន សែងផា ហៅនិក អាយុ២០ឆ្នាំ ជនជាតិថៃ។

កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងជាគ្រឿងញៀន ប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Arnantaporn Saengpha) ចំនួន០១សន្លឹក។

ក្រោយចាប់ខ្លួន កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយពីការឃាត់ខ្លួន, កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមានទាំងពីរនាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា​ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន និងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕