(ប៉ៃលិន)៖ លោកស្រីបណ្ឌតិ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណ:បញ្ជាការឯក ភាព រដ្ឋបាលខេត្ត ដើម្បីពង្រឹង ការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលពិធីបុណ្យ ភ្ជុំបិណ្ឌ (ភ្ជុំធំ) នាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ប្រធាន គណៈ បញ្ជាការឯក ភាពរដ្ឋបាល ក្រុង ស្រុក, លេខាធិការដ្ឋាន, និងសមាជិកគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ព្រមទាំង មន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ។
ឣភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងអំឡុងពេលពិធី បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ សូមអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ហើយ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី តែងតែត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ ដូច្នេះកងកម្លាំង សមត្ថកិច្ចត្រូវឈរនៅតាមគោលដៅសំខានៗ និងទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរលើដងផ្លូវកុំឱ្យមាន ការកកស្ទះ ជាពិសេស ត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងនៅតាមតំបន់ទេសចរនានា ក្នុងខេត្តផងដែរ។
ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុងស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅតាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេង ៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលា។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេល បច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក ខេត្ត នៅទូទាំងប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយ ការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសការបង្កើនប្រសិទ្ធភាព ការងារ ក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់ រាជរដ្ឋាភិបាល៕