(សៀមរាប)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់លោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត មន្ទីរ និងអង្គការដៃគូរ និង(គ ក ស ក)ស្រុកអង្គរជុំ ប្រមាណជា ៣០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីធ្វើការពិនិត្យលើការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ ក ស ក) ខេត្ត សម្រាប់ខែកញ្ញា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។

លោកស្រី ស៊ិន ណម ក៏បានធ្វើការណែនាំ និងជំរុញបន្ថែមទៅដល់សមាជិក (គ.ក.ស.ក.) ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយ អំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ ការលើកកម្ពស់ សីលធម៌សង្គម និងពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញរអប់រំកុមារតូចៗ ដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋ និងសហគមន៍ ព្រមទាំងលើកកម្ពស់សុខខមាលភាពមាតា និងទារក មុនពេលសម្រាល និងក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត។

លោកស្រីក៏បានជំរុញដល់ (គ.ក.ន.ក) ឃុំ.សង្កាត់ តាមដានករណីប័ណ្ណក្រីក្រ ជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារចំនួន ២ករណី ដែលបានបោះបង់កាសិក្សា ឲ្យបានចូលរៀនទៀងទាត់វិញ និងសូមឲ្យក្រុង ស្រុក ត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន។ ម៉្យាងទៀត វិស័យដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ច និងឃុំ សង្កាត់ និងក្រុង ស្រុក ខេត្ត ក្នុងការអនុវត្តឲ្យទទួលបានលទ្ធផលល្អ។

លោកស្រីបានបញ្ជាក់ថា វិស័យដែលមានការពាក់ពា័ន្ធ រួមមាន៖ វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ និងសមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងធម្មការ សាសនាផងដែរ។

ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវត្រីមាសទី៤ ឆ្នាំ២០២៤រួចមក លោកស្រី ស៊ិន ណម ក៏បានបញ្ជាក់ផងដែរថា រាល់បទពិសោធន៍ និងលទ្ធផលដែល(គ ក ស ក)ទទួលបាន ដែលជាប្រទីពសម្រាប់(គ ក ស ក)ស្រុកយកទៅអនុវត្ត និងបានលើកនូវសំណូមពរមួយចំនួន និងជមរុញដល់សមាជិក (គ.ក.ស.ក.)ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋានផងដែរ។

លោកស្រីបានបន្តថា សូមឲ្យអង្គការដៃគូរ ក្នុងការចូលរួមលើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរណ៍ជាដើម។

ជាមួយនេះដែរ លោកស្រីក៏សូមឲ្យអង្គការដៃគូរ ជួយជំរុញដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ធ្វើការដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើននឹងគ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និង រកបានកម្រៃបន្ថែមពីការងារដាំដុះនេះផងដែរ៕