(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នា២០២៤ លោកទេសរដ្ឋមន្ត្រី អ៊ីឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន ទី១-វត្តគីរីរតនារាម «វត្តភ្នំយ៉ាត» ទី២-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» និងទី៣-វត្តពោធិមារាម «ហៅវត្តប៉ាហ៊ី»

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុង ប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញប្រជាជនខ្មែរ និងជាអ្នកកាន់នូវ ព្រះពុទ្ធ សាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗមានម្ហូប អាហារ នំ ចំណីជាដើម ទៅវេរប្រគេនដល់ព្រះសង្ឃ នៅតាមទីអារាមនានាដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណទៅដល់បុព្វការីជន អ្នកមានគុណ មាតាបិតា ជីដូន ជីតា ដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងវិញទៀតក៍ជាពេលវេលាដ៏ប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋ បានយកចំណី និងគ្រឿងបរិក្ខាផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសផងដែរ ។

លោកទេសរដ្ឋមន្ត្រី អ៊ី ឈាន បានលើកឡើងថា វិស័យ ព្រះពុទ្ធ សាសនា ត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូល នៃសុខដុមនីយកម្មរវាងអ្នកកាន់ ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និងសាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន ក្នុងនោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ដែលជាទីពឹង ដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។

ប្រធានក្រុមការងារបានបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាព ខាងជំនឿ ការប្រណិប័តន៍ ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍ សាសនាផ្សេងៗទៀតនៅកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជា មជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាលសង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនាប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនា ទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះលោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៣ ក្នុងក្រុងប៉ៃលិន រួមមាន៖ ទី១-វត្តគីរីរតនារាម«វត្តភ្នំយ៉ាត» ទី២-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» និងទី៣-វត្តពោធិមារាម«ហៅវត្តប៉ាហ៊ី» ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ៥ការ៉ុង ទឹកសុទ្ធ ១០កេស មី ១០កេស ត្រីខ ១កេស ទឹកដោះគោ ២៥កំប៉ុង តែ ៥គីឡូ ស្កស ៥គីឡូ ស្លាដក ៥ ចង្ហាន់ ១០ចានស្រាក់ និងបច្ច័យ ចំនួន ១០ម៉ឺនរៀល៕