(យ៉ាម៉ាណាសឺ)៖ តបតាមការអញ្ជើញរបស់ លោក Masao Watanabe ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃ FUJISAN Chidama Festa WA, លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រមូលផលស្រូវ (FUJISAN Chidama Festa WA 2024 Fujisan-Tokyo World Peace Project Rice Harvest Festival) នៅខេត្ត Yamanashi ប្រទេសជប៉ុន។

កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ វង្សត្រកូលអតីតអធិរាជជប៉ុន Asaka-no-miya, ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសចំនួន៧ រួមទាំងកម្ពុជា និងប្រជាជនមូលដ្ឋាននៅទីនោះសរុបប្រមាណជាង ១២០នាក់។ កម្មវិធីនេះមានរៀបចំកម្មវិធីជាច្រើនផ្សេងទៀត រួមមាន ពិធីបួងសួងតាមបែបសាសនា Shinto ដើម្បីសន្តិភាពនៅទូទាំងពិភពលោក និងពិធីប្រមូលផលស្រូវតាមរយៈការច្រូតស្រូវ និងបួងសួងសុំឱ្យសម្បូណ៌ហូរហៀរនូវកសិផល។

នាឱកាសនោះដែរ ឯកអគ្គរាជទូត និងបណ្តាអង្គទូតនានា បានចូលរួមសរសេរសារនៅលើដើមឈើ ដើម្បីជានិមិត្តរូបសម្រាប់ការគាំទ្រសន្តិភាពនៅទូទាំងពិភពលោក។

សូមជម្រាបថា FUJISAN Chidama Festa WA ជាព្រឹត្តការណ៍អន្តរជាតិមួយ ដែលផ្តោតលើសន្តិភាពពិភពលោក, ការការពារបរិស្ថាន និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក៕