(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ចុះត្រួតពិនិត្យទប់ស្កាត់ សំណង់គ្មានច្បាប់ និងសង់រំលោភលើដីចំណីផ្លូវ សាធារណៈដោយមិនបណ្តែតបណ្តោយឱ្យការសាងសង់ សំណង់ផ្សេងៗ គ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ ឬគ្មានលិខិតអនុញ្ញាតសាងសង់នោះឡើយ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យសេចក្តីព្រាងផែនការ រៀបចំដែនដីខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្ត។

លោក អ៊ុន ចាន់ដា បានស្នើរឲ្យអាជ្ញាធរក្រុង ស្រុក បន្តពង្រឹងក្នុងចុះ ត្រួតពិនិត្យទប់ស្កាត់ សំណង់គ្មានច្បាប់អនុញ្ញាតជាពិសេស សំណង់ រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តកំពង់ចាម មានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព សំដៅផ្តល់ជាប្រយោជន៍រួមសំរាប់ប្រជាពលរដ្ឋ៕