(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញកាន់បិណ្ឌវេនទី៦ ចំនួន១៥វត្ត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយធ្វើរួមគ្នានៅវត្តដំណាក់ហ្លួង។
ពិធីកាន់បិណ្ឌទាំង១៥វត្តនេះ មានការចូលរួមអមដំណើរពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន អង្គភាពនានាមន្រ្តីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង។
លោកស្រី ញ៉ែម សាខន សខេង បានទូលថ្វាយព្រះសង្ឃទាំង១៥វត្ត និងពុទ្ធបរិស័ទ្ធថា ក្នុងពិធីថា បុណ្យកាន់បិណ្ឌបានព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១២នេះ ដែលជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទម្លាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។
លោកស្រី ញ៉ែម សាខន សខេង បានបញ្ជាក់ថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធ បុព្វការីជនមាន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី៦នេះ សូមឱ្យទទួលបានកុសលមគ្គផលស្មើរៗគ្នា។
ទេយ្យវត្ថុ សម្ភារបរិក្ខា ដែលត្រូវប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗទទួលបាន៖ ត្រៃចំនួន១ ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ស្ករសរ១ការុង ត្រីខកំប៉ុង១កេស ទឹកដោះគោ១កេស មី២កេស អង្ករ២ការុង នំអន្សម១កន្រ្តក ផ្លែឈើ១កន្រ្តក បច្ច័យមួយចំនួន៕