(ស្វាយរៀង)៖ លោក ផាន់ ចន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញដឹកនាំបើកសិក្ខាសាលាស្ដីពីការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម ក្រោមជំនួយឧបត្ថម្ភមូលនិធីពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
សិក្ខាសាលានេះ មានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត ,ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិតិ្តយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក, លោកអនុរដ្ឋលេខាធិការក្រសួងធម្មការ, លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងព្រះសង្ឃ លោកគ្រូអាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំគ្រឹះសាសនា សាសនាមហាយាន និងគ្រប់សាសនា មន្ត្រីរាជការនៃមន្ទីរធម្មការសាសនាជាច្រើននាក់ផងដែរ។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាសាសនាធំជាងគេ ហើយទទួលបានការ ជួយជ្រោមជ្រែងពីរដ្ឋ ព្រមទាំងមានអ្នកនិយមជឿរហូតដល់៩៩.៧០% នៃប្រជាជនសរុបទូទាំង ខេត្តមានវត្តសរុបចំនួន២៤៦វត្ត (វត្តធម្មយុត្ត១វត្ត)មានព្រះសង្ឃសរុបចំនួន២.៣៩៨ អង្គ (ព្រះសង្ឃគណៈធម្មយុត្ត៤អង្គ) មានអាចារ្យវត្តចំនួន១.១១៩នាក់ និងគណៈកម្មការវត្តចំនួន ៤.២១៤នាក់។
លោកបានបន្តថា ពាហិរសាសនាក្នុងខេត្តស្វាយរៀងមានចំនួន៤រួមមាន៖ទី១.គ្រិស្តសាសនា មានពីរនិកាយគឺ និកាយកាតូលិក និងនិកាយប្រូតេស្តង់ មានវិហារ៧កន្លែង និងស្នាក់ការថ្វាយបង្គំចំនួន៤៧កន្លែងនិងមានសាសនិក១.៨០១នាក់ ស្មើនឹង០.២៦% នៃប្រជាជនសរុបទូទាំងខេត្ត ។ ទី២.ព្រះពុទ្ធសាសនាមហាយាន មានវិហារ៣កន្លែង និងមានសាសនិក១៣០នាក់ ស្មើនឹង០.០២% នៃប្រជាជនសរុបទូទាំងខេត្ត។ទី៣.ឥស្លាមសាសនា មានតែមួយនិកាយ គឺនិកាយសាហ្វាម៉ី មានស៊ូរ៉ាវ១កន្លែង មានសាសនិកចំនួន១០៧នាក់ ស្មើនឹង០.០១៥% នៃប្រជាជនសរុបទូទាំងខេត្ត។ទី៤.សហគមន៍បាហៃ មានវិហារ១កន្លែង និងមានសាសនិក៣២នាក់ ស្មើនឹង ០.០០១% នៃប្រជាជនសរុបទូទាំងខេត្ត។
លោកបន្ថែមថា ការងារពុទ្ធិកនិងបណ្ណាល័យ ១-សាលាធម្មវិន័យមានចំនួន ២៩ កន្លែង ស្មើនឹង ៣៧ បន្ទប់មានសមណសិស្ស សរុប៤៣៥អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០០រូប កិច្ចសន្យា០០រូប និងគ្រូស្ម័គ្រចិត្ត២៩ រូប។សាលាពុទ្ធិកបឋមសិក្សាមានចំនួន ២៩ កន្លែង ស្មើនឹង៥១ បន្ទប់ មានសមណ សិស្សសរុប ១.០២៤ អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០៦រូប និងកិច្ចសន្យា៥៣ រូប។សាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួន ០១ កន្លែង ស្មើនឹង ០៤ បន្ទប់មាន សមណសិស្សសរុប២១០អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០៧រូប កិច្ចសន្យា០៧រូប និងគ្រូជួល០២រូប។
បន្ថែមលើសពីនេះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា តាមរយៈមូលដ្ឋានគ្រឹះនៃសន្តិភាព នេះ និងការខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម ដោយផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគ្រប់ដំណាក់កាលក៍ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍខេត្ត កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួម និងគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន ការចូលរួមសហការពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត បានធ្វើឲ្យដំណើរ អភិវឌ្ឍន៍នៅក្នុងខេត្ត ទទួលបានលទ្ធផលល្អប្រសើរគួរកត់សម្គាល់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលរាប់ទាំងវិស័យធម្មការនិងសាសនានេះផងដែរ។
លោកផាន់ ចន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ ក្រោមប្រធានបទ “ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម” ពិតជាប្រធានបទមួយដ៏សំខាន់សម្រាប់សង្គមនាពេលបច្ចុប្បន្ន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ព្រោះថា ទោះបីសាសនាជាប្រភពផ្តល់គុណតម្លៃដល់សង្គម អប់រំមនុស្សឱ្យមានមេត្តា ករុណានិងភាពជាបងប្អូនសាកល ប៉ុន្តែ អ្នកមានជំនឿសាសនាផ្សេងគ្នា ក៏មានគុណតម្លៃ ផ្នត់គំនិត និងទស្សនផ្សេងគ្នា ដែលទាមទារឱ្យមាន ការយល់ដឹងពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការយោគយល់ ការអត់ឱននិងការរស់នៅក្នុងសង្គមជាមួយ គ្នាប្រកបដោយសុខដុមរមនា។
លោកបានបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចក្នុងនាមអ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា និងត្រូវបន្តថែរក្សានូវបរិយាកាសនៃសុខដុមនីយកម្មសាសនាឱ្យបាន គង់វង្សជានិរន្តរ៍ និងយកគុណតម្លៃសាសនាអប់រំដល់ប្រជាជនឱ្យកាន់តែមានស្មារតីចាស់ទុំ ចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិក្ខាសាលាយើងថ្ងៃនេះ ជាផ្តល់ជាវិភាគទានថ្មីទៀតចំពោះបុព្វ ហេតុនៃការថែរក្សានិងលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា កដូចជារួមចំណែកថែរក្សាសន្តិភាព ក្នុងប្រទេស តំបន់ និងពិភពលោកទាំងមូល៕