(ភ្នំពេញ)៖ ជប៉ុនបានបំពាក់គ្រឿងឥស្សរិយយសជូន លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ជានិស្សិតឆ្នើមឈានមុខគេ ដែលទទួលជោគជ័យជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៣។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។
ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសសើរពី លោកបណ្ឌិត អ៊ុម រម្យណី ថាគឺជានិស្សិតខ្មែរម្នាក់ក្នុងចំណោមនិស្សិតខ្មែរឈានមុខគេដែល ទទួលបានជោគជ័យជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៣។
លោក អ៊ូអិណ អាត់ស៊ូស៊ី បន្តថា ក្នុងអំឡុងពេលសិក្សារយៈពេល៧ឆ្នាំ នៅសាកលវិទ្យាល័យហុកកៃដូ និងវិទ្យាស្ថានបច្ចេកវិទ្យា គីតាមិ នៃប្រទេសជប៉ុន លោកបណ្ឌិត អ៊ុំ រម្យណី មិនត្រឹមតែទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែលោកបណ្ឌិត អ៊ុំ រម្យណី ក៏បានធ្វើការស្រាវជ្រាវសំខាន់ៗ ដោយសហការជាមួយអ្នកស្រាវជ្រាវជប៉ុនផងដែរ។ ជាលទ្ធផលនៃការស្រាវជ្រាវ បានបោះពុម្ពនិក្ខេបបទ និងអត្ថបទនានាជាច្រើន ជាមួយអ្នកស្រាវជ្រាវជប៉ុន ហើយស្នាដៃទាំងអស់នោះបានក្លាយជាសមិទ្ធផលត្រួសត្រាយផ្លូវ (pioneering achivements) នៃកិច្ចសហប្រតិបត្តិការការសិក្សាជប៉ុន-កម្ពុជា។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ២០០២ លោកបណ្ឌិត អ៊ុម រម្យណី បានត្រឡប់មកកម្ពុជាវិញ។ ហើយចាប់តាំងពីលោកបានឡើងកាន់តំណែងជាអគ្គនាយក ITC ក្នុងឆ្នាំ២០០៨ លោកបានទាក់ទងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនជាមួយសាកលវិទ្យាល័យ និង វិទ្យាស្ថានធំៗក្នុងប្រទេសជប៉ុន ហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់យុវជន កម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការការសិក្សា។
តាមរយៈគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត អ៊ុម រម្យណី ITC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីផ្លាស់ប្តូរ ជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានជប៉ុនជាច្រើនដូចជា សាកលវិទ្យាល័យ Kyushu សាកល វិទ្យាល័យ Kanazawa សាកលវិទ្យាល័យ Kochi វិទ្យាស្ថានបច្ចេកវិទ្យា Kochi សាកលវិទ្យាល័យ Tokai និងជាច្រើនទៀត។ លើសពីនេះទៀត ក្នុងអំឡុងពេលអាណត្តិរបស់លោក ITC បានចាប់ផ្តើមគម្រោងស្រាវជ្រាវ និងសកម្មភាពសហការជាច្រើន ក៏ដូចជាគម្រោងផ្សេងទៀតជាមួយ សាកលវិទ្យាល័យជប៉ុន ក្រុមហ៊ុនជប៉ុន និង JICA ផងដែរ។
លោកបណ្ឌិត អ៊ុម រម្យណី បានប្រើប្រាស់បណ្តាញដ៏ច្រើនរបស់ លោកដែលបានបង្កើតជាមួយប្រទេសជប៉ុន ដើម្បីស្វែងរកឱកាសអាហារូបករណ៍សម្រាប់និស្សិត ITC ជាច្រើន។ បុគ្គល មួយចំនួនដែលធ្លាប់ទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ទាំងនេះ ឥឡូវនេះកំពុងធ្វើការជា វិស្វករនៅក្នុងក្រុមហ៊ុនជប៉ុននានា ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមិនអាចខ្វះបានក្នុងការគាំទ្រ សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអរគុណជាអនេក ដែលលោកបណ្ឌិត អ៊ុម រម្យណី មិនត្រឹមតែគាំទ្រដល់ ស្ថានទូតរបស់ជប៉ុនក្នុងការជ្រើសរើសនិស្សិតពីកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូប ករណ៍រដ្ឋាភិបាលជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការ លើការរៀបចំវគ្គពន្យល់ជាច្រើនស្តីពី អាហារូបករណ៍រដ្ឋាភិបាលជប៉ុនដែលធ្វើឡើងនៅ ITC ផងដែរ។
លើសពីនេះទៀត រួមជាមួយបុគ្គលិកនៅ ITC លោកបណ្ឌិត អ៊ុម រម្យណី បានធ្វើបាឋកថាបន្ថែម សម្រាប់អ្នកដាក់ពាក្យអាហារូបករណ៍ ដែលធ្វើ ឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនបេក្ខជនកម្ពុជាពី ITC សម្រាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុន។ លោកបណ្ឌិត អ៊ុម រម្យណី ក៏បានសហការជាមួយស្ថានទូតជប៉ុន និង JICA ក្នុងការអនុវត្តគម្រោង ODA ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
ជាថ្មីម្តងទៀត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងអំណរគុណចំពោះ លោកបណ្ឌិត អ៊ុម រម្យណី សម្រាប់ការតាំងចិត្តយ៉ាងមោះមុតជាច្រើនឆ្នាំ និងសមិទ្ធផលដ៏គួរ ឱ្យកោតសរសើរ ហើយក៏ចូលរួមអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះ លោកបណ្ឌិត អ៊ុំ រម្យណី ដែលទទួលបានគ្រឿងឥស្សរិយយសនេះ។ លោកសង្ឃឹមដោយស្មោះស្ម័គ្រថា លោកបណ្ឌិត អ៊ុម រម្យណី នឹងបន្តដឹកនាំជំរុញការផ្លាស់ប្តូរ ការ សិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះ លោកបណ្ឌិត អ៊ុំ រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ក្នុងការប្រគល់ជូនឥស្សរជន ជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២៤។
សូមជម្រាបថា គ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់នូវ ការរួមចំណែកដ៏ឆ្នើមរបស់លោកក្នុងការជំរុញការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅ វិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា កំឡុងពេលលោកកាន់តំណែងជា អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)៕