(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានជួប សំណេះ សំណាល និងសួរសុខទុក្ខ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ចំនួន ១៦០នាក់នៅខេត្តប៉ៃលិន។ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាព ខ្វះខាតទាំង១៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះលោកយាយ លោកតា ដែលមានទីលំនៅឆ្ងាយពិបាកធ្វើដំណើរ គឺក្រុមការងារបាន យកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់ ផងដែរ ។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច ក្រឡាហោម ស ខេង ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចជានិច្ចកាល តែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា ។
សូមបញ្ជាក់ថា ចំពោះមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់នេះ គឺមានការផ្តួចផ្តើមធ្វើឡើង ពីលោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ២០១១មក។ គិតមកដល់ពេលនេះមានរយៈពេលជាង៥ឆ្នាំមកហើយ ដោយរៀងរាល់ខែក្នុងថ្ងៃទី៣ នៃខែនីមួយៗ លោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ បានផ្តល់ប្រាក់ឧបត្ថម្ភដល់លោកឪពុក អ្នកម្តាយដែលមានវ័យចាស់ជរាហើយមានជីវភាពខ្វះខាតជាប់ជាប្រចាំ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនាឡើយ៕