(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹកអង់គ្លេសឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ ប៉ូល ខេដឌី (Cdr Paul Caddy) មេបញ្ជាការនាវា បានចូលចតខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ការអញ្ជើញមកដល់របស់ប្រតិភូកងទ័ពជើងទឹកអង់គ្លេសនៅពេលនេះ មានការទទួលស្វាគមន៍ពីសំណាក់លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ និយាយជារួម និងដោយឡែក ដេីម្បីបង្កេីន ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជេីងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ឲ្យកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត។
សូមជម្រាបថា នាវា HMS SPEY (P234) មានបណ្តោយ ៩០.៤ម៉ែត្រ, ទទឹង ១៣.៥ម៉ែត្រ, កំពស់ ៣៣.១ម៉ែត្រ, ជម្រៅទឹក ៤.៣ម៉ែត្រ និងល្បឿនមធ្យម ២៥kts (ប្រហែល៤៦គីឡូម៉ែត្រក្នុងមួយម៉ោង)៕