(ភ្នំពេញ)៖ ជារឿយៗ ប្រជាពលរដ្ឋខ្មែរពីសម័យកាលមុនៗ តែងរៀបចំកាត់ស្លឹកចេកដើម្បីហាលថ្ងៃឱ្យទន់ ត្រៀមសម្រាប់វេចនំអន្សមប្រគេនព្រះសង្ឈ រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ។ តាមជំនឿរបស់ប្រជាជនខ្មែរ នំអន្សមគឺតំណាងឱ្យលិង្គព្រះឥសូរ ដែលជាថ្មសក្ការៈរបស់ខ្មែរក្នុងជំនឿសាសនាព្រាហ្មណ៍។ ភាពលាយឡំគ្នារវាងសាសនាព្រាហ្មណ៍ និងពុទ្ធសាសនា ទើបប្រជាជនយើងតែងតែវេចនំអន្សំនៅក្នុងពិធីនានា តួយ៉ាងដូចជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ, ពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីបុណ្យភ្ជុំបិណ្ឌជាដើម។
សង្គមជាតិកាន់តែជឿនលឿន ការអភិវឌ្ឍអមជាមួយនឹងបច្ចេកវិទ្យាទំនើប របស់របរមានសព្វគ្រប់ជម្រើស ធ្វើឱ្យប្រពៃណីខ្មែរបុរាណៗមួយចំនួន ស្ទើរតែមិនទទួលបានការអភិរក្សបានល្អនៅឡើយ។ នៅឯទីក្រុង ការវេចនំអន្សមតាមផ្ទះស្ទើរតែលែងមាន អាចបណ្ដាលមកពីហេតុផលច្រើន រួមផ្សំនឹងបរិបទដែលពួកគាត់រស់នៅ ក៏ដូចជាការមមាញឹកនឹងកិច្ចការងាររៀងៗខ្លួននេះផងដែរ។
យ៉ាងណាមិញ ក៏យើងនៅតែឃើញមានការរៀបចំកម្មវិធីវេចនំអន្សម ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ និងជាការថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរផងដែរ ដោយក្នុងនោះឃើញមានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដោយផ្ទាល់ទៅកាន់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងភោជនីយដ្ឋាន វ័នម៉រ (One More Restaurant) ផងដែរ។
កញ្ញា ផល សុឈីលីង បុគ្គលិកផ្នែកទីផ្សារ ភោជនីយដ្ឋាន វ័នម៉រ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា គោលបំណងដែល វ័នម៉រ រៀបចំកម្មវិធីនេះឡើងមក គឺចង់ឱ្យភ្ញៀវដែលបានមកគាត់បានដឹង បានស្គាល់ និងបានរៀនវេចនំអន្សមរបស់ខ្មែរយើង ដែលជាផ្នែកមួយចូលរួមអភិរក្សទំនៀមទម្លាប់នេះឱ្យនៅគង់វង្ស ជាពិសេសសម្រាប់បង្ហាញយុវជនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ពីនំប្រពៃណីខ្មែរ។
បន្ថែមពីនេះ កញ្ញាបានឱ្យដឹងទៀតថា ជាការពិតប្រពៃណីនៃការវេចនំអន្សមនេះ សម្រាប់ទីក្រុងគឺមានការថមថយខ្លាំងពិតមែន ដោយសារតែវាតម្រូវឱ្យប្រើពេលវេលាយូរ ទើបពួកគាត់ជ្រើសទិញពីផ្សារស្រាប់តែម្ដង ជាភាពងាយស្រួលសម្រាប់ពួកគាត់។
ជាថ្មីម្ដងទៀត ក្នុងនាមភោជនីយដ្ឋាន វ័នម៉រ (One More Restaurant) កញ្ញាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមថែរក្សា និងអភិរក្សប្រពៃណីវេចនំអន្សមនេះ ឱ្យនៅស្ថិតស្ថេរ ដ្បិតទំនៀមទម្លាប់នៃការវេច «នំអន្សមខ្មែរ» ជាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ តាំងពីសម័យបុរាណមក៕