Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងទាហានកុមារចំនួន១០១នាក់ ក្នុងឆ្នាំនេះ និងប្តេជ្ញាលុបបំបាត់ឲ្យបានទាំងស្រុង

03-10-2016 14:06

(រ៉ង់ហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា យោធាបានអនុញ្ញាត ឲ្យនាយទាហាន កុមារចំនួន ១០១នាក់ ចាកចេញពីជួរកងទ័ពនៅក្នុងឆ្នាំ២០១៦នេះ ដែលប្រការនេះ ធ្វើឲ្យចំនួនសរុប នៃទាហានកុមារដែលត្រូវបានដោះលែង កើនដល់៨០០នាក់ គិតចាប់តាំងពីពេលប្រទេសមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើគំរោងរួមគ្នាមួយ ជាមួយនឹងអង្គការសហប្រជាជាតិ ស្តីពីការបញ្ចប់និងទប់ស្កាត់ ការប្រើប្រាស់និងការបង្កើតកងទ័ពកុមារ កាលពីឆ្នាំ២០១២មក។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។  

កុមារដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីវិស័យយោធា នឹងត្រូវបានទទួលបានអត្ថប្រយោជន៍ពី កម្មវិធីសមាហរណកម្មសង្គម-សេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងការ ទទួលបានការអប់រំ ការបណ្តុះបណ្តាល វគ្គខ្លីៗ និង វិធីស្វែងរកប្រាក់ចំណូលផ្សេងៗទៀត ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេ។

ជាការឆ្លើយតបទៅនឹងដំណើរការយ៉ាងរលូននៃគំរោងនេះដែរ អង្គការមូនិធិកុមារ UNICEF បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ ប្រទេសមីយ៉ាន់ម៉ា ហើយបាន អះអាងថា ខ្លួននឹងនៅតែបន្តសហការជាមួយមីយ៉ាន់ម៉ា ដើម្បីបញ្ចប់ទាំងស្រុងនូវការជាប់ពាក់ព័ន្ធ ទាំងឡាយណា របស់អនិតិជនជាមួយនឹងបញ្ហាប្រដាប់អាវុធ។

គួរបញ្ជាក់ថា មុនពេលដែលមីយ៉ាន់ម៉ា បានចុះហត្ថលេខា លើផែនការសកម្មភាពខាងលើ ជាមួយនឹងអង្គការសហហប្រជាជាតិ នៅឆ្នាំ២០០៥ ប្រទេសមួយនេះបានបង្កើតគណៈកម្មាធិការ សម្រាប់ទប់ស្កាត់ ប្រឆាំងនឹងការកែនពលកុមារឲ្យចូលបម្រើកងទ័ព និងបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន រហូតមកក្នុងការទប់ស្កាត់ការបង្ខំឲ្យកុមារចូលបម្រើវិស័យយោធា។

លើសពីនេះទៀត កម្មាធិការជាតិទទួលបន្ទុកការពារសិទ្ធិកុមារ ក៏ត្រូវបានបង្កើតឡើងផងដែរ ក្នុងគោលបំណងធានាឲ្យបាននូវសិទ្ធិជាមូលដ្ឋានរបស់កុមារ ការពារពួកគេពីការជះឥទ្ធិពលអាក្រក់ ក៏ដូចជាការរំលោភបំពាន និងកេងប្រវ័ញ្ចផ្សេងៗ ព្រមទាំងជួយពួកគេឲ្យចូលរួមយ៉ាងពេញលេញ នៅក្នុងការជួយការងារគ្រួសារនិងសង្គម៕