(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងនូវបេសកកម្មជាយុទ្ធសាស្ត្រចំនួន៦ចំណុច និងបានស្នើថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៃក្រសួងអធិការកិច្ច សូមបន្តរួបរួមគ្នាពង្រឹងវិស័យអធិការកិច្ច ពង្រឹងភាពស្អាតស្អំក្នុងប្រព័ន្ធរដ្ឋបាល និងទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលធ្វើឡើងនៅទីស្ដីការក្រសួងអធិការកិច្ចនោះ លោករដ្ឋមន្រ្តី សុខ សូកេន បានគោរពថ្លែងអំណរគុណនិងដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្តនិងឱកាសដល់លោកឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ លោករដ្ឋមន្រ្តីក៏បានគោរពថ្លែងអំណរគុណ និងកតញូតាធម៌ជូនចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំក្រសួងអធិការកិច្ចឱ្យទទួលបានផ្លែផ្កាគួរជាទីមោទនៈ និងភាពរីកចម្រើនជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។
លោករដ្ឋមន្រ្តី សុខ សូកេន បានបន្តថា វិស័យអធិការកិច្ច ជាគ្រឹះមួយនៃការការគ្រប់គ្រងរដ្ឋដោយនីតិរដ្ឋ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន អង្កេត ស្រាវជ្រាវ វិភាគ និងវាយតម្លៃលើភាពត្រឹមត្រូវនៃការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងប្រតិបត្តិការឬការប្រព្រឹត្តណាមួយ ដើម្បីស្វែងរកចំណុចខ្វះខាតនៃការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនិង/ឬរូបវន្តបុគ្គលឬនីតិបុគ្គល ដែលជាប់កាតព្វកិច្ចតាមច្បាប់កំណត់ ឬពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ។ ម្យ៉ាងទៀត ក៏ផ្តោតសំខាន់លើការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងផងដែរ។ បន្ថែមពីនេះ តួនាទីគន្លឹះរបស់ក្រសួងអធិការកិច្ច គឺដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការអនុលោមតាម បទប្បញ្ញត្តិនៅទូទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសម្រេចគោលដៅនៃអភិបាលកិច្ចល្អ។
ដូច្នេះដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមាស្របទៅតាមចក្ខុវិស័យ និងបេសកកម្មជាយុទ្ធសាស្ត្រដែលបានលើកឡើងខាងលើ លោករដ្ឋមន្ត្រី សុខ សូកេន បានស្នើទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ សំដៅសម្រេចឱ្យបាន៖
ទី១. ត្រូវចូលរួមរក្សាទុកនូវសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី៖ ថ្នាក់ដឹកនាំជំនាន់មុនបានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើនអស់រយៈពេលជាង៤០ឆ្នាំនៅក្នុងវិស័យអធិការកិច្ចនេះ ដែលយើងទាំងអស់គ្នាត្រូវប្រឹងប្រែងថែរក្សានិងបន្តខិតខំអភិវឌ្ឍបន្ថែម និងកែទម្រង់ស្ថាប័ន បង្កើនសមត្ថភាព ពង្រឹងគុណភាព និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាប្រែក្លាយស្ថាប័នជារដ្ឋបាលសាធារណៈ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង និងស្អាតស្អំ។
ទី២. សុខដុមនីយកម្មនៃមុខងារអធិការកិច្ចនៅក្នុងរដ្ឋបាលសាធារណៈ ដោយសហការរៀបចំយន្តការត្រួតពិនិត្យប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ ដើម្បីសម្រេចការងារនេះ ក្រសួងអធិការកិច្ចនឹងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហការល្អជាមួយអង្គភាពអធិការកិច្ចចំណុះឱ្យក្រសួង ស្ថាប័ន តាមរយៈការណែនាំឱ្យបានស៊ីជម្រៅលើការងារអធិការកិច្ច ការរៀបចំនីតិវិធី និងគំរូស្តង់ដាអធិការកិច្ចរួម ព្រមទាំងជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្តការងារ។
ទី៣. ការបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន ដោយដាក់ចេញនូវអភិក្រមការងារ និងប្រព័ន្ធការងារមួយដែលមានស្តង់ដារច្បាស់លាស់។ ក្រសួងនឹងផ្តោតទៅលើ៖ ១-ការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រីឱ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាពស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ, ២-ពង្រឹងការអនុវត្តតួនាទីអធិការកិច្ចឱ្យបានទូលំទូលាយ ស្មើភាព និងមិនរើសអើង ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើច្បាប់ជាធំ តាមអភិក្រមទាំង៥របស់សម្តេចតេជោ គឺឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, ៣-ពង្រឹងយន្តការតាមដានការអនុវត្តច្បាប់គោលនយោបាយ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ វឌ្ឍនភាព និងសមិទ្ធកម្ម ធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ, ៤-បន្តពង្រឹងយន្តការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយរៀបចំវិធីសាស្ត្រងាយស្រួលសម្រាប់ទទួលពាក្យបណ្តឹង។
ទី៤. ការបន្តការកសាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជា ច្បាប់ស្តីពីអធិការកិច្ច ច្បាប់ស្តីពីបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ គោលនយោបាយជាតិអធិការកិច្ច ស្តង់ដាអធិការកិច្ច គោលការណ៍ប្រតិបត្តិស្តង់ដារនៅក្នុងវិស័យអធិការកិច្ច និងបណ្តឹង ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់បម្រើឱ្យវិស័យអធិការកិច្ចឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច។
ទី៥. ការពង្រឹង និងពង្រីកបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកជំនាញ ផ្នែកជំនាញទន់ និងជំនាញបច្ចេកវិទ្យាឌីជីថល ដោយបន្តពង្រឹងវិទ្យាស្ថានជាតិអធិការកិច្ចដែលជា សេនាធិការក្នុងការអនុវត្ត ផែនការនេះ ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ច ដោយយកចិត្តទុកដាក់ជ្រើសរើសមុខជំនាញ និងប្រមូលផ្តុំគ្រូជំនាញមានបទពិសោធច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្ត ជាពិសេសជំរុញកិច្ចការស្រាវជ្រាវរបស់សិក្ខាកាមឱ្យមានលក្ខណៈវិទ្យាសាស្ត្រ និងអាចយកមកអនុវត្តស្របតាម បរិការណ៍នៃការអភិវឌ្ឍ សង្គមជាតិ។ ទន្ទឹមនេះវិទ្យាស្ថានជាតិអធិការកិច្ច ត្រូវខិតខំអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព ពេញលេញ និងគ្រប់គ្រាន់តាមជំនាញឯកទេសនីមួយៗឱ្យស្របនឹងតម្រូវការជាក់ស្តែង សំដៅធ្វើឱ្យសិក្ខាកាមមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ដើម្បីបំពេញបាននូវតម្រូវការជំនាញជាសារវ័ន្តរបស់ជាតិ។ ដោយឡែកពាក់ព័ន្ធនឹងការពង្រឹងការអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការក្រសួងអធិការកិច្ច ជាពិសេសមន្ត្រីអធិការកិច្ចលើផ្នែកអក្ខរកម្មឌីជីថល (Digital literacy) ក្រសួងអធិការកិច្ចនឹងបន្តសហការជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ សំដៅជំរុញការធ្វើបដិវត្តកម្មឌីជីថល និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីឈានទៅដល់ការសម្រេចអធិការកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល និងរួមចំណែកដល់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ទី៦. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឱ្យបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ដោយស្មារតីភាតរភាព យោគយល់អធ្យាស្រ័យ ពិភាក្សា និងគោរពគ្នាទៅវិញទៅមក ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន ដើម្បីបន្តជាស្ថាប័នគន្លឹះ និងជាកាតាលីករក្នុងការជំរុញអភិបាលកិច្ចសាធារណៈ និងឯកជន ដែលមានលក្ខណៈល្អ ប្រសិទ្ធភាព និងតម្លាភាព។
លោករដ្ឋមន្រ្តីក៏បានស្នើឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ក្នុងក្រសួងអធិការកិច្ចបន្តរួបរួមគ្នា ដើម្បីពង្រឹងវិស័យអធិការកិច្ចទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជន សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងប្រព័ន្ធរដ្ឋបាល និងទប់ស្កាត់អំពើអសកម្មនានា ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន៕