(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃច័ន្ទទី ២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានជម្រាបជូនអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
វេទិកាសាធារណ:មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង កងកម្លាំង និងប្រជាពលរដ្ឋចំនួន៣០០នាក់។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានពន្យល់ថា តើអ្វីទៅជាវេទិកាសាធារណៈ? ចំណុចពិសេសនៃវេទិកាសាធារណៈ គឺជាសំឡេងរបស់ពលរដ្ឋដែលសម្ដែងមតិ ឬពីទុក្ខកង្វល់ពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីភ្ជាប់សំឡេងប្រជាពលរដ្ឋទៅជូនថ្នាក់ដឹកនាំ ឲ្យបានជ្រាបពីក្ដីកង្វល់ជាក់ស្ដែងក្នុងជិវភាពរស់នៅបច្ចុប្បន្ន ហើយវេទិកាសាធារណៈនឹងទទួលយកនូវមតិសមស្របប្រកបដោយសច្ចធម៌ សិលធម៌ និងស្ថាបនា ដើម្បីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែង បានជ្រាប និងរកវិធីដោះស្រាយពីទុក្ខកង្វល់ និងតម្រូវការជាក់ស្ដែងទៅតាមនិតិវិធី។
ដំបូងក្រុមការងាររាជរដ្ឋាភិបាលត្រូវយល់ពីតួនាទីឲ្យច្បាស់ពីភារកិច្ចចុះតម្រង់ទិសការងារប្រតិបត្តិបរបស់អាជ្ញាធរដែនដីថ្នាក់ស្រុក ឃុំ ភូមិ ឲ្យបំពេញការងារសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងអនុវត្តស្របតាមគោលការរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។ វេទិកាសាធារណៈនឹងបន្តធ្វើទៅតាមពេលវេលាជាក់ស្ដែង ដើម្បីស្តាប់សំណូមពរប្រជាពលរដ្ឋ។
មួយវិញទៀត នាយឧត្តមសេនីយ៍បណ្ឌិត បានក្រើនរំលឹក អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែង ដែលអញ្ជើញជាតំណាងស្ថាប័ននានាចូលរួមឲ្យបានជាប្រចាំតាមពេលវេលាកំណត់ ក្នុងបំណងចូលរួមស្ដាប់មតិ សំណូមពរ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលតែងកើតមានក្នុងជិវភាពរស់ប្រចាំថ្ងៃ។ វេទិកានេះមិនបម្រើឲ្យហេតុផលនយោបាយនោះទេ ប្រជាពលរដ្ឋមានសិទ្ធិសម្ដែងពីទុក្ខកង្វល់ ពីតម្រូវការ និងសំណូមពររបស់ខ្លួនជូនអង្គវេទិកា។
អង្គវេទិកាបានប្រារព្វធ្វើនេះបានផ្ដោតសំខាន់លើប្រធានបទ រួមមាន ទី១៖ បញ្ហាប្រកបរបរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ទី២៖ បញ្ហាភូមិ ឃុំ សុវត្ថិភាព និងទី៣៖ ការផ្ដល់សេវាសាធារណៈ។ ចំពោះបញ្ហា និងសំណូមពរខាងលើក្រុមការងារបានដោះស្រាយនៅនឹងកន្លែងបានជាច្រើនករណី និងបន្តដោះស្រាយបញ្ចប់បញ្ហាមួយចំនួនតូចផ្សេងទៀតនាពេលខាងមុខដ៏ខ្លី។ ក្រុមការងាររាជរដ្ឋាភិបាលបានទទួលយកសំណើ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ដើម្បីបន្តពិនិត្យ និងដោះស្រាយ។
នាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង បានជម្រាបជូនប្រជាពលរដ្ឋថា រាល់បញ្ហាជាក្តីកង្វល់ និងសំណូពរមិនចាំបាច់លើកតែនៅក្នុងអង្គវេទិកាសាធារណៈនោះទេ គឺអាចលើកនៅពេលវេលាណាក៏បានដែរ តាមរយ:ប្រធានភូមិ ឃុំ និងស្រុក ដើម្បីបញ្ជូនមកក្រុមការងារបន្តពិនិត្យ និងរកដោះស្រាយជូន។
អង្គវេទិកាក៏បានសំណូមពរដល់ក្រុមការងារនៅតាមបណ្តាក្រសួង ស្ថប័នមន្ទីរ និងអង្គភាពពាក់ព័ន្ធ បន្តខិតខំដោះស្រាយរាល់បញ្ហា ក្តីកង្វល់ និងសំណូមពរទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនជាបន្តទៀត៕