(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានឧបត្ថម្ភការកសាងអគារសិក្សា១ខ្នង មាន៥បន្ទប់ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាចន្លាស់ដៃ ស្ថិតនៅឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីគាំទ្រដល់ការអប់រំសិក្សារបស់សិស្សានុសិស្សនៅមូលដ្ឋានឃុំចន្លាស់ដៃនេះ។
នាឱកាសនោះ អ្នកតំណាងរាស្ត្រ សៀង ណាំ បានលើកឡើងពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបន្តកិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ត្រូវខិតខំសិក្សាយកចំណេះដើម្បីបន្តការសិក្សានៅថ្នាក់ខ្ពស់ៗបន្តទៀត ពិសេសត្រូវកសាងខ្លួនឱ្យក្លាយជាសសរទ្រូងប្រទេសជាតិ ទើបប្រទេសជាតិសម្បូរដោយធនធានមនុស្ស មានការអភិវឌ្ឍកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកគ្រូអ្នកគ្រូ និងអាណាព្យបាលសិស្សក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដែលបានឧបត្ថម្ភថវិកាកសាងអគារសិក្សា១ខ្នងនេះ សម្រាប់ទុកជាប្រយោជន៍ដល់កូនចៅរបស់ពួកគាត់៕