Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ​ ហ៊ុន សែន៖ នយោបាយឈ្នះៗ បានធ្វើឱ្យកម្ពុជាមានសន្តិភាព ហើយពលរដ្ឋរស់នៅល្អប្រសើរ (Video Inside)

03-10-2016 13:55

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេង នៃនយោបាយឈ្នះៗ ដែលនាំមកនូវសន្តិភាពដល់ ប្រទេសកម្ពុជាសព្វថ្ងៃ។ សម្តេចថា បើគ្មាននយោបាយឈ្នះៗទេ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងទៅជាយ៉ាងណា ហើយប្រជាពលរដ្ឋ ក៏មិនអាចមានជីវភាពប្រសើរដូចសព្វថ្ងៃឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំព្រះករុណាខ្ញុំ ចេះតែគិតនៅក្នុងចិត្តថា បើសិនជាកុំអនុវត្តនយោបាយឈ្នះៗ តើតំបន់ទាំងនេះទៅជាតំបន់អ្វីពិតប្រាកដ ព្រោះតំបន់ស្រុករវៀង និងស្រុកឆែបនេះ ជាតំបន់អតីតកងពលទី៥របស់អតីតរបបរដ្ឋកម្ពុជាឈរជើងនៅចន្លោះហ្នឹង ដែលនៅចន្លោះផ្លូវ៦២ ត្រង់ចន្លោះរវាងព្រះវិហារ និងកំពង់ធំ ពេលដែលអ៊ុនតាក់ចូលមក ខ្មែរក្រហមកាប់ឈើដាក់ពេញផ្លូវ អត់ឱ្យអ៊ុនតាក់ចូលទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរអត់ទៅតាមផ្លូវ៦២ទេ បកមកលេងតាមរវៀង តាមផ្លូវមួយខ្សែផ្សេងទៀត មិនទៅតាមផ្លូវ៦២ទេ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីតំបន់មួយចំនួន បន្ទាប់ពីសម្តេចបានបើកយុទ្ធនាការចុះត្រួតពិនិត្យនៅតាមបណ្តាខេត្តដែលកាលពីមុនមិនអាចធ្វើដំណើរ ទៅណាមកណាបាននោះទេ។ សម្តេចបានប្រទះឃើញស្លឹកត្នោត និងស្លឹកទ្រាំងនៅតំបន់នោះច្រើនកុះករ មិនដូចកាលពីជំនាន់សង្រ្គាមឡើយ ដោយសារតែជំនាន់សង្រ្គាមស្លឹកត្នោត និងស្លឹកត្រាំង ត្រូវបានពលរដ្ឋយកទៅប្រាក់ផ្ទះ ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋប្រក់ស័ង្កសី ក្បឿង និងស៊ីប្រូស៊ីម៉ងតិ៍វិញ។

សម្តេចបានបន្ថែមថា «ឃើញថា ស្លឹកទ្រាំងសល់ច្រើនមែនទែន ដែលប៉ុន្មានឆ្នាំមុននេះ ស្លឹងទ្រាំង និងស្លឹកត្នោត ត្រូវកាប់ខ្ទេច នេះជាសញ្ញាអ្វី យើងយករឿងនេះទាញចេញជាសញ្ញាណវិញ។ កាលពីប៉ុន្មានឆ្នាំមុន តំបន់របស់យើងតាំងពីកំពង់ស្ពឺ តាំងពីកំពង់ឆ្នាំង ទាំងតាកែវ ទាំងខេត្តស្អីៗហ្នឹង ស្លឹកត្នោតដុះអត់ទាន់ទេ កាប់ខ្ទេច ស្លឹកត្រាំងកាប់ខ្ទេច ប៉ុន្តែឥឡូវ ក្នុងពេលដែលជិះឡានទៅកាន់តំបន់មួយចំនួន ស្លឹកត្រាំងនៅ ស្លឹកត្នោតនៅ។ បញ្ហាវានៅត្រង់នេះ ប្រជាពលរដ្ឋបច្ចុប្បន្នេះ គាត់លែងត្រូវការ ស្លឹកត្នោត និងស្លឹកត្រាំង ដើម្បីប្រក់ផ្ទះទៀតហើយ បានសេចក្តីថា គាត់មានក្បឿងគាត់មានស៊ីប្រូស៊ីម៉ងតិ៍គាត់មានស័ង្កសីដើម្បីប្រក់ផ្ទះ»

សម្តេចតេជោ បានបន្ថែមថា «នៅពេលជីវភាពរបស់ប្រជាពលរដ្ឋរបស់យើងទទួលបានពីផលប្រយោជន៍ នៃសន្តិភាពដែលយើងទាំងអស់គ្នាប្រឹងប្រែង ហើយខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ នៅពេលដែលឃើញថា ទាំងគ្រូទាំងសិស្ស ទាំងមាតាបិតា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំជួបពួកគាត់ សំណូមពរធំជាងគេរបស់ពួកគាត់ គឺសុំសាលារៀនតែម្តង»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖