(ភ្នំពេញ)៖ កាលពីសម័យមុន គេតែងតែសម្គាល់ឃើញថា មុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរញាប់ដៃញាប់ជើងម្នីម្នា រៀបចំកាត់ស្លឹកចេក និងហាលនៅទីធ្លាបរិវេណផ្ទះរបស់ពួកគាត់ ដើម្បីត្រៀមខ្លួនវេចនំអន្សមខ្មែរ។
នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ។ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការ ក៏គេតែងឃើញមានការវេចនំអន្សមផងដែរ។ នំដែលប្រជាពលរដ្ឋខ្មែរនិយមវេចនោះ មានដូចជា នំអន្សមជ្រូក នំអន្សមចេក នំគម ឬនំបត់ជាដើម។
យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវ័រន្មទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។
បើតាម អ្នកជំនាញអារ្យធម៌ លោក រ័ត្ន សណ្ដាប់ បានឱ្យដឹងថា ប្រវត្តិនំអន្សមនេះ វាមានតាំងពីសម័យមុនអង្គរក៏អាចថាបានដែរ ព្រោះបើយើងនិយាយពីបុណ្យទាននៅក្នុងជំនឿយើង គឺមានតាំងពីសតវត្សទី១ ហើយបើសម្លឹងទៅក្នុងប្រវត្តិសាស្រ្តខ្មែរ គឺមានចាប់តាំងពីសតវត្សទី៦មក។ លោកបានបន្តថា នំអន្សមនេះ បានបង្ហាញពីប្រពៃណីរបស់ខ្មែរផង និងជំនឿនៅក្នុងសាសនាផង។
ក្នុងសាសនាព្រាហ្មណ៍ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹងនំគម ដែលជានំប្រពៃណីខ្មែរផងដែរ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម និងនំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
បន្ថែមពីនេះ លោក ផុន កសិកា អ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានលើកឡើងផងដែរថា បើទោះបីជាយើងគ្មានភស្តុតាងជាលាយលក្ខណ៍អក្សរ ឬភស្តុតាងនៅលើសិលាចារឹកក៏ដោយ ប៉ុន្តែទំនៀមទម្លាប់វេចនំអន្សមនេះ មានតាំងពីយូរណាស់មកហើយ។
បច្ចេកវិទ្យាកាន់តែទំនើប ប្រទេសជាតិកាន់តែមានភាពរីកចម្រើន ប្រជាជនកាន់តែមមាញឹកនឹងកិច្ចការរបស់ខ្លួន ធ្វើឱ្យប្រពៃណីទំនៀមទម្លាប់បុរាណៗមួយចំនួន ត្រូវបានថយចុះស្ទើរតែបាត់បង់ ក្នុងនោះក៏មានទំនៀមទម្លាប់នៃការវេចនំអន្សមតាមផ្ទះផងដែរ ជាពិសេសនៅក្នុងទីក្រុង។
លោក រ័ត្ន សណ្ដាប់ បានយល់ឃើញថា ដោយសារតែបម្រែបម្រួលបរិបទសង្គម ដ្បិតពីសម័យមុនប្រជាជននិយមវេចនំតាមវត្ត ឬតាមភូមិឃុំរបស់ខ្លួន ក្នុងអត្ថន័យសាមគ្គីគ្នា រួបរួមគ្នា។ លោកមើលឃើញថា សម័យនេះក្មេងៗមានភាពរវល់ ទើបធ្វើឱ្យការវេចនំអន្សមនេះក្លាយជាសិប្បកម្ម សម្រាប់លក់លើទីផ្សារទៅវិញ។
ជាមួយគ្នានេះ លោក ផុន កសិកា បានឱ្យដឹងថា សម្រាប់ការវេចនំអន្សមនេះនៅតាមតំបន់ខ្លះអាចនឹងមានការថមថយ ប៉ុន្តែនៅតាមទីជនបទខ្លះនៅរក្សាទំនៀមទម្លាប់នេះបានល្អនៅឡើយ ខណៈដែលនៅឯទីក្រុង ការវេចនំតាមផ្ទះលែងសូវមានទៀតហើយ ដោយប្រជាជននៅទីក្រុងភាគច្រើនគាត់មិនសូវមានពេល ទើបធ្វើឱ្យពួកគាត់ទិញពីផ្សារស្រាប់តែម្ដង។
ជាម្ដាយវ័យ៧៧ឆ្នាំ លោកយាយ ពេជ្រ ស៊ីថុល ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានប្រកបរបរវេចនំអន្សមលក់រយៈពេលជាង៥ឆ្នាំមកហើយ។ លោកយាយ បាននិយាយថា បន្ទាប់ពីបែកសម័យប៉ុល ពត ប្រជាពលរដ្ឋជំនាន់ក្រោយគេមានកិច្ចការធ្វើរៀងៗខ្លួនអស់ទៅ មនុស្សចាស់ដែលចេះវេចក៏បានស្លាប់អស់ទៅ ហើយក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកចេះវេចប៉ុន្មានទេ។
ជាថ្មី អ្នកជំនាញអារ្យធម៌ទាំងពីររូប បានលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន រៀបចំនូវកម្មវិធីវេចនំអន្សម ជាពិសេសស្ថាប័នសារព័ត៌មាន ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែច្រើន ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីរបស់យើងឱ្យនៅគង់វង្ស ដោយសារលោកយល់ឃើញថា នំអន្សមនេះ ជានំពិសេសមួយដែលផ្សាភ្ជាប់ទំនាក់រវាងទំនៀមទម្លាប់ និងសាសនា ជាងនំឯទៀត៕