(ប៉ារីស)៖ យោងតាមមន្រ្តីប៉ូលីសបាំរាំងមួយរូប បានបញ្ជាក់ប្រាប់ថា ជនប្រដាប់អាវុធមានគ្នាចំនួន ប្រាំនាក់ បានធ្វើការប្លន់ដោយភ្ជង់កាំភ្លើងទៅលើអ្នកនាង Kim Kardashian ដែលតារាម៉ូដែលអាមេរិក ដ៏ល្បីឈ្មោះហើយយកបានគ្រឿងអលង្ការ ដែលមានតម្លៃរាប់លានដុល្លារទៅបាត់ ប៉ុន្តែជាសំណាងល្អ ពុំមាននរណាម្នាក់បានទទួលរងរបួសនោះឡើយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីប្លន់ខាងលើ បានកើតឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ (ពេលវេលាក្នុងទីក្រុងប៉ារីស) ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ច្បាស់ពីឈ្មោះសណ្ឋាគារ ដែលកើតហេតុនោះឡើយ។

គួរបញ្ជាក់ដែរថា នៅមុននេះបន្តិច CNN បានផ្សាយថា អ្នកនាង Kardashianត្រូវបានជនបិទមុខចាប់ភ្ជង់ ដោយកាំភ្លើង នៅឯបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង ហើយហេតុការនេះ បានបង្ខំឲ្យស្វាមីរបស់អ្នកនាង គឺលោក Kanye West ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនោះ បញ្ចប់ការ សម្តែងរបស់ខ្លួននៅឯទីក្រុងញូយ៉កយ៉ាងតក់ក្រហល់ ដោយបានត្រឹមប្រាប់អ្នកចូលរួមការប្រគុំតន្រ្តីថា លោកមានកិច្ចការបន្ទាន់ពាក់ព័ន្ធនឹងគ្រួសារ៕