(កណ្ដាល)៖ វត្ដជុំនទី ហៅប្រពើហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ សព្វថ្ងៃវត្ដអារាមមួយនេះ មានព្រះសង្ឃចំនួន ២២៤អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។​ ដោយមានព្រះសង្ឃជាច្រើនរយអង្គបែបនេះហើយ ទើបវត្ដអារាមនេះ ងាយប្រឈមនឹងការខ្វះខាតខ្លាំងណាស់ ទាំងចង្ហាន់ និងថ្លៃអគ្គិសនីសម្រាប់សាមណសង្ឃសិក្សារៀនសូត្រ។

ដូចនេះនៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដើម្បីជួយសម្រាលនូវភាពខ្វះខាតទាំងឡាយ និងក្នុងឱកាសកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌផងដែរ។

សម្រាប់ទេយ្យវត្ថុ និងបច្ច័យ ដែលលោកស្រីបណ្ឌិត អ៊ុក ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកមកវេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅក្រពើហា មានដូចជា៖ អង្ករ ២តោន, មី ២០កេសតូច, ត្រីខ ៣កេស, ទឹកស៊ីអ៊ីវ ១០ឡូ, ទឹកត្រី ១០ឡូ, ទឹកក្រូច ៥កេស, ទឹកត្រឡាច ៥កេស, ទឹកគូលេន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុន ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ផ្លែឈើ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។ ក្នុងនោះប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។

ចំពោះទេយ្យវត្ថុ និងបច្ច័យខាងលើនេះផងដែរ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានឧត្ថម្ភជាលើកទី៣ហើយ សម្រាប់តែក្នុងឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាតខាងលើនេះ។ សទ្ធាជ្រះថ្លា និងការយកចិត្ដទុកដាក់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ព្រះចៅអធិការវត្ដប្រពើហារ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានសម្ដែងនូវសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា កន្លងមកនេះ មកទល់បច្ចុប្បន្ននេះ។

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

ក្នុងឱកាសលោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកយកទេយ្យវត្ថុ និងបច្ច័យ ដ៏ជ្រះថ្លារបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា វេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅក្រពើហា លោកស្រី ក៏បានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរនូវភាពជាអ្នកដឹកនាំ របស់ព្រះគ្រូចៅអធិការ និងព្រះសង្ឃ ក្នុងវត្តក្រពើហា ដែលបានបណ្តុះបណ្តាលធនធានព្រះសង្ឃ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លើសពីនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានគូសបញ្ជាក់ពីទឹកចិត្ដរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជាប់ជានិច្ច ពីសុខទុក្ខ សុខភាព និងភាពខ្វះខាត ដែលព្រះសង្ឃអាចនឹងជួយប្រទះ ដូច្នេះហើយទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចនាំយកនូវទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ ក្នុងមួយឆ្នាំ៣ដង ចាប់ពីឆ្នាំ២០២៤នេះតទៅ ដោយឆ្នាំកន្លងៗទៅ តែ២ដងក្នុងមួយឆ្នាំ។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជា ប្រសិទ្ធនាមថា «មាតាមនុស្សធម៌» គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺតែងតែដឹកនាំសហការីកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រតិភូអមដំណើរ រួមទាំងអាជ្ញាធរមូលដ្ឋាន នាំយកនូវទេយ្យវត្ថុ​ គ្រឿងអត្ថបរិក្ខារ រួមទាំងបច្ច័យជួយកសាងវត្ដអារាមនានានៅកម្ពុជា ហើយទោះបីជាសម្ដេចមិនបានចូលរួមដោយផ្ទាល់ ក៏តែងតែចាត់តំណាង នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមទីវត្ដអារាមមិនដែលដាច់នោះឡើយ​ ដូចថ្ងៃនេះជាដើម៕