(វៀងច័ន្ទ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងពាណិជ្ជកម្មចិនលើកទី ២៣។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន រួមទាំងការតម្លើងកម្រិតការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ព្រមទាំង គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដែលសំដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។
លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោក Li Fei អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការតម្លើងកម្រិតការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ព្រមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងអាស៊ាន និងចិន។
ព្រឹកថ្ងៃដដែល អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េលើកទី ២១។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងការតម្លើងកម្រិត AKFTA។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធានការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ដូចជា បច្ចេកវិទ្យា ក្រុមហ៊ុនបើកថ្មីៗ ស្តង់ដារ និងកិច្ចសហប្រតិបត្តិការសុវត្ថិភាពផ្នែកអគ្គិសនីជាដើម។
រសៀលឡើង លោកអគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តាលរដ្ឋមន្ត្រី ឬតំណាងមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយប្រទេសបូកបី លើកទី ២៧។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៣-២០២៤ និងបានស្វាគមន៍ផែនការការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៥-២០២៦ ។ ប្រទេសអាស៊ានបូកបី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដោយជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងដោះស្រាយបញ្ហា និងការប្រឈមនានាដែលកំពុងលេចឡើង។
រសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) លើកទី ៣។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង RCEP និងនីតិវិធីនៃការចូលក្នុង RCEP។ កិច្ចប្រជុំក៏បានស្វាគមន៍ការបង្កើតអង្គភាពជំនួយ RCEP ដែលនឹងផ្តល់ជំនួយផ្នែកស្ថាប័ន សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង RCEP ផងដែរ។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ អគ្គលេខាធិការអាស៊ាន រួមជាមួយលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាអំពីលទ្ធផលនៃកិច្ចប្រជុំ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន និងលោក Malaithong Kommasith បានផ្តល់នូវខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងកិច្ចពិភាក្សា ដែលមានការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា ដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីពីប្រទេសដៃគូអាស៊ាន ជុំវិញវិធីដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងក្រៅតំបន់៕