(កំពង់ស្ពឺ)៖ លោកស្រី ជា សុផាកន្នី ប្រធានកិត្តយស នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងបរិស្ថាន បានលើកឡើងថា ការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងចេញពីកម្ពុជា គឺផ្តើមចេញពីយើងទាំងអស់គ្នា យើងទាំងអស់គ្នាអាចធ្វើបាន ដោយគ្រាន់តែគេងក្នុងមុងជ្រលក់ថ្នាំរាល់ថ្ងៃ និងបំបាត់ឱ្យអស់ប្រភពនៃជម្រកមូស។
ការលើកឡើងដូច្នេះគ្រាដែលលោកស្រី ដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមន្ត្រីជំនាញ នៃក្រសួងសុខាភិបាល ចុះអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិសាស្ត្រសហគមន៍ចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី ជា សុផាកន្នី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការ ជាមួយ ក្រសួង សុខាភិបាលចុះ ធ្វើការ ផ្សព្វផ្សាយ លើការបង្ការ លុបបំបាត់ជំងឺគ្រុនចាញ់នៅគ្រប់គោលដៅដែលងាយរងគ្រោះ ដើម្បី ជំរុញ និង បំផុស ការយល់ដឹង ជា សាធារណៈ ឱ្យ កាន់តែ ទូលំទូលាយ នៅ ទូទាំង ប្រទេស ជាពិសេស នៅតាម ទីជនបទ ដើម្បី ផ្លាស់ប្ដូរ ផ្នត់គំនិត និង ទម្លាប់ របស់ ប្រជាពលរដ្ឋ ក្នុងការ ប្រតិបត្តិ លើ ការរស់នៅ ស្អាត គ្មាន ការចម្លង ជំងឺ គ្រុនចាញ់ ដើម្បី លើកកម្ពស់ សុខុមាលភាព សង្គមនិង សំដៅរួមចំណែក ដល់ ការថែរក្សា សុខភាពប្រជាពលរដ្ឋ។
នៅក្នុងឱកាសនៃការអប់រំផ្សព្វផ្សាយនោះ ប្រធានកិត្តិយស នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន បាន អំពាវនាវ ដល់ គ្រប់ ស្ថាប័នរដ្ឋ វិស័យ ឯកជន សង្គម ស៊ីវិល និង សហគមន៍ អ្នកផ្តល់ ជំនួយ នានាសូម បន្ត នូវកិច្ច សហការ ជាមួយ ក្រសួងប រិស្ថាន ដើម្បី លើកកម្ពស់ កិច្ចការ ការពារ ធនធាន ធម្មជាតិ តាមរយៈ ការពង្រឹង សមត្ថភាព និង សុខុមាលភាព មន្ត្រី ឧទ្យានុរក្ស និង គណៈកម្មការ សហគមន៍ តំបន់ ការពារ ធម្មជាតិដើម្បី ចូលរួម លុបបំបាត់ ជំងឺ គ្រុនចាញ់ ឱ្យ កាន់តែ ស៊ីជម្រៅ កាន់តែ ទូលំទូលាយ និង កាន់តែ គ្រប់ ជ្រុងជ្រោយ ដើម្បីឱ្យ កម្ពុជាអាចធ្វើ ដំណើរ ទៅកាន់ អនាគត មួយ ដែល គ្មាន ជំងឺ គ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខ។
ទន្ទឹមនោះលោកស្រី ជា សុផាកន្នី ក៏បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានតាមរយៈលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តនូវគោលការណ៍ចក្ខុវិស័យបរិស្ថានគឺ ក្នុងគោលបំណង បង្កើនការ យល់ដឹង ដល់ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ ឱ្យ ជ្រួតជ្រាបពី វិធាន ការការពារ ទប់ស្កាត់ និង លុបបំបាត់ ជំងឺ គ្រុនចាញ់ តាមរយៈការ គេង ក្នុង មុង និង រស់នៅ ស្អាត ក្នុង ជីវភាព រស់នៅ ប្រចាំថ្ងៃ ក្នុង គោលដៅ ចូលរួម ការលុបបំបាត់ ជំងឺ គ្រុនចាញ់ ទាំងស្រុងចេញពី កម្ពុជា នៅ ឆ្នាំ២០២៥ ស្របតាម ផែនការ យុទ្ធសាស្ត្រ ជាតិ លុបបំបាត់ ជំងឺ គ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់ ក្រសួង សុខាភិបាល ៕