(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូងចំនួន2តោន នៃផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ខេត្តហឺណាន នៃប្រទេសចិន។
បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន2លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading) កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន2តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន 200តោន/ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។
សមិទ្ធិផលនេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការដាក់ចេញគោលនយោបាយ ការណែនាំ និងដោយមានការអនុវត្តតាមដោយយ៉ាងយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន៕
សូមស្តាប់ប្រសាសន៍របស់ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីអបអរសាទរសម្រាប់ជើងយន្តហោះដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ជាលើកដំបូងនៅក្នុងវីដេអូ៖