(ហៃណាន- ចិន)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការរអញ្ជើញរបស់រោងចក្រផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណៈរដ្ឋប្រជាមាណិតចិន, បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលជួប ពិភាក្សាការងារ, ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY ។
តាមការឱ្យដឹងពីតំណាងខាងរោងចក្រ, បច្ចុប្បន្នរោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ, មានរថយន្តក្រឡុកស៊ីម៉ង់, ឡានពេទ្យ, រថយន្តដឹកកុងទីន័រ ,រថយន្តដឹកទំនិញ ជាដើម។ បន្ថែមពីនេះ, ការដំឡើង និងផលិតរថយន្តអគ្គសនី គឺត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី), (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប និងសន្សំសំចៃខ្ពស់។
បណ្ឌិត កៅ ថាច មានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត គ្រប់ប្រភេទរបស់រោងចក្រ។ ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផលក្នុងវិស័យកសិកម្ម, បណ្ឌិតបានធ្វើការស្នើសុំដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក (logistic) នៅកម្ពុជាផងដែរ៕