(កូឡុំប៊ី)៖ ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos និង មេដឹកនំាក្រុមឧទាម Farc លោក Timoleon Jimenez បានសន្យាថា បទឈប់បាញ់ជាប្រវត្តិសាស្ត្ររវាងភាគីទំាងពីរ នឹងនៅតែត្រូវគេ អនុវត្តន៍ បើទោះជាការបោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យ បង្ហាញថាប្រជាជនកូឡុំប៊ី ជាងពាក់កណ្ដាល ជំទាស់នឹង កិច្ចព្រមព្រៀងសន្តិភាពនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក Santos បាននិយាយថា លោកគឺជាមនុស្សដំបូង ដែលគំាទ្រលទ្ធផលបោះឆ្នោតប្រជាមតិ ដែលមានប្រជាជនពាក់កណ្ដាលនៃប្រទេសបានជំទាស់ និង ជាងពាក់កណ្ដាល ផ្សេងទៀតបានគំាទ្រ តែយ៉ាងណា បទឈប់បាញ់ដើម្បីបញ្ចប់ភាពអរិភាពនឹងគ្នា នៅតែត្រូវបានអនុវត្ដន៍ដដែល។
ប្រធានាធិបតីកូឡុំប៊ីរូបនេះ ថែមទំាងបានសន្យាថានឹងគោរពតាមការសម្ដែងមតិ របស់ប្រជាជនកូឡុំប៊ី និងអំពាវ នាវឱ្យមានកិច្ចសន្ទនា រវាងអ្នកជំទាស់ និងអ្នកគំាទ្រកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹង ក្រុមឧទ្ទាម Farc។ ទន្ទឹមគ្នានោះដែរ មេដឹកនំាក្រុមឧទ្ទាម Farc លោក Juan Manuel Santos បានសម្ដែងការសោកស្ដាយ ដោយបានគូសបញ្ជាក់ថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរក សន្តិភាពសម្រាប់កូឡុំប៊ី តាមរយៈការប្រើប្រាស់ កិច្ចចរចារជាអាវុធតែមួយគត់ ដើម្បីអនាគតប្រទេសជាតិ។
គួរបញ្ជាក់ថា ផ្អែកលើលទ្ធផលបោះឆ្នោតប្រជាមតិកាលពីថ្ងៃ អាទិត្យ (ម៉ោងនៅក្នុងប្រទេសកូឡុំប៊ី) ប្រជាជន កូឡុំប៊ី ៥០.២% បោះឆ្នោតជំទាស់ រីឯ៤៩.៨% គំាទ្រលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាង រដ្ឋាភិបាល និង ក្រុមឧទ្ទាម Farc ដែលបានបណ្ដាលឱ្យមនុស្ស ២២០,០០០ នាក់ បាត់បង់ជីវិត ២៥,០០០នាក់បានបាត់ខ្លួន និងច្រើនជាង ៥.៧លាននាក់ ផ្សេងទៀតគ្មានផ្ទះសម្បែង ក្នុងរយៈពេល៥២ឆ្នាំមកនេះ៕