(រតនគិរី)៖ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុក

កំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។

ជាក់ស្តែង បុណ្យកាន់បិណ្ឌវេនទី៥ ត្រូវនឹងថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៤នេះលោក គិត ទ្រីអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី រួមនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើង វត្តភនថងកំពង់ចាម ហៅវត្តប៉ាកាឡាន់ និងវត្តបុប្ផានារាមហៅវត្តកាឡាន់ញ៉ៃ ក្នុងស្រុកវើនសៃ ខេត្តរតនគិរី។

ក្នុងឱកាសនេះ អ្នកតំណាងរាស្រ្តគិត ទ្រីបាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃនិងអញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ ក្នុងទីអារាមទាំងពីរ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី៥នេះ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកគិត ទ្រីអ្នកតំណាងមណ្ឌលរតនគិរីបានដឹកនាំបងប្អូនសប្បុរសជនក្នុងខេត្ត យកអំណោយជូនដល់លោក ជួង ខាំម៉ន ជាកូនប្រុសតែម្នាក់គត់របស់លោកតាព្រឹទ្ធាចារ្យ ប៊ូ ជួង អតីតអភិបាលខេត្តរតនគិរីក្នុងឆ្នាំ១៩៧៩ដល់១៩៨៨ ដែលរស់នៅក្នុងភូមិប៉ាកកាឡាន់ ឃុំប៉ាកកាឡាន់ ស្រុកវើនសៃផងដែរ៕