(ភ្នំពេញ)៖ លោក សេង សំរិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយលើ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រជាការពារទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។
លោកថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងជូនអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដល់ប្រជាការពារ ៧៥០នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
លោក សេង សំរិត បានថ្លែងថា នៅក្នុងបរិបទថែរក្សាសន្តិភាព សន្តិសុខផ្ទៃក្នុងប្រទេស ក្រៅពីយោធា និងនគរបាល យើងឃើញថា ប្រជាការពារជាកម្លាំងរក្សាសន្តិសុខដ៏សំខាន់មួយនៅមូលដ្ឋានរបស់យើង។ ប្រជាការពារជាកម្លាំង ប្រសូតចេញពីប្រជាពលរដ្ឋ ដើម្បីការពារប្រជាពលរដ្ឋ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាអ្នក ដែលរស់នៅជិតបំផុតជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋ និងក្តាប់បានរហ័ស គ្រប់សភាពការណ៍សន្តិសុខ ដែលកើតឡើងនៅក្នុងមូលដ្ឋាន។
លោកបញ្ជាក់ថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនប្រជា ការពារទាំងអស់របស់យើង ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ធ្វើឲ្យភូមិឃុំ និងប្រជាពលរដ្ឋរបស់យើងទទួលបាននូវសន្តិសុខ សុវត្ថិភាព ដែលនេះ ជាគុណសម្បត្តិដ៏ថ្លៃថ្លារបស់បងប្អូនប្រជាការពារ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូន បន្តជួយដល់ប្រជា ពលរដ្ឋយើង ជាបន្តទៅទៀត ដើម្បីសេចក្តីសុខ និងផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា»។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សេង សំរិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តសៀមរាប ជូនចំពោះសមាជិក សមាជិកា គណបក្ស មេឃុំ មេភូមិ និងបងប្អូនប្រជាការពារទាំងអស់។ លោកបានថ្លែងថា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ មានក្តីនឹករលឹកជានិច្ច និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ ទទួលបាននូវក្តី ស្រឡាញ់ ការជឿទុកចិត្ត និងការចូលរួមគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ នាំឲ្យសម្រេចបានជោគជ័យធំៗជាបន្តបន្ទាប់ជូនគណបក្ស។
លោកក៏បានថ្លែងអំណរគុណ និងការកោតសរសើរ ដល់ក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្រាប់ប្រយោជន៍រួម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការងារ គណបក្ស និងរាជរដ្ឋាភិបាល ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន គិលានដ្ឋាន ប្រព័ន្ធទឹក-ភ្លើង អ៊ុនធើណែត ទីសាធារណៈនានា ធ្វើឲ្យមានការផ្លាស់ប្តូរ និងមានការរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការខិតខំរួមគ្នារបស់សមាជិក សមាជិកាគណបក្សយើងគ្រប់មូលដ្ឋានទាំងអស់។
លោក សេង សំរិត ថែមទាំងបានរម្លឹកគុណូបការៈ និងពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្ស និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើតស៊ូរំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានខិតខំការពារ និងកសាង ប្រទេសឡើងវិញ តាំងពីបាតដៃទទេ ចេញពីគំនរផេះផង់ ដោយឆ្លងកាត់ការលំបាក និងឧបសគ្គច្រើនរាប់មិនអស់ ទម្រាំនឹងទទួលបានសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការរីកចម្រើន ដូចសព្វថ្ងៃ ដិតបានចំណាយកម្លាំងច្រើនណាស់ រួមទាំងអាយុជីវិតជាច្រើនទៀតផង។ ដូចនេះ ត្រូវតែរួបរួមគ្នាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត។
បើតាមលោក សេង សំរិត, បើនិយាយដល់សន្តិភាពនៅកម្ពុជា យើងនឹកឃើញទៅដល់គុណតម្លៃនៃនយោបាយ ឈ្នះ ឈ្នះ គុណូបការៈរបស់ស្ថានិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាន នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជា ដែលបានរំលាយចោលទាំងស្រុង នូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បានបញ្ចប់សង្គ្រាមស៊ីវិល និងបង្រួប បង្រួមទឹកដីទាំងមូល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ ថ្មីៗនេះ សម្តេចអគ្គមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថ្ងៃទី២៩ខែធ្នូ ជាទិវា សន្តិភាពនៅកម្ពុជា ហើយក៏ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំផងដែរ៕