(មណ្ឌលគិរី)៖ បុរសជនជាតិព្នងម្នាក់ បានរអិលជើងធ្លាក់ពីលើទឹកជ្រោះ កម្ពស់ជាង ១០ម៉ែត្រ ក្នុងពេលយកម៉ូតូទៅលាងនៅទឹកជ្រោះប៊ូស្រា ក៏ត្រូវទឹកកួចបាត់ខ្លួន ស្រាប់តែព្រឹកឡើងទើបឃើញ សពអណ្តែតឡើងលើទឹក។
សពជនរងគ្រោះ មានឈ្មោះ ប៉េត ប្លេត អាយុ១៨ ឆ្នាំជនជាតិព្នង រស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅថ្ងៃទី៣ ខែតុលានេះថា មុនពេលកើតហេតុ យុវជនរងគ្រោះបានយកម៉ូតូទៅលាងទឹក នៅទឹកជ្រោះប៊ូស្រា នៅរសៀលថ្ងៃម្សិលមិញ ដោយកម្លាំងទឹកហូរខ្លាំង ប្រហែលជារអិលជើងធ្លាក់ពីលើកម្ពស់ជាង១០ម៉ែត្រ ធ្លាក់ចូលទឹកជ្រោះ។ ក្រោយដឹងថា ជនរងគ្រោះបាត់ខ្លួន ក្រុមគ្រួសារ ព្រមជាមួយសមត្ថកិច្ច បាននាំគ្នាចុះរាវរក តែរកមិនឃើញឡើយ។ លុះដល់ព្រឹកថ្ងៃទី៣ ខែតុលានេះ ទើបសមត្ថកិច្ចបានឃើញសពជនរងគ្រោះ អណ្ដែតទឹកឡើងលើ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងថា លោកបានធ្វើការអំពាវនាវដល់គ្រប់មន្រ្តីគ្រប់អង្គភាពទាំងអស់ នៅខេត្តមណ្ឌលគិរី ឲ្យខិតខំជំរុញផែនការ ការងាររបស់ខ្លួន តាមអង្គភាព និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាករណីគ្រោះថ្នាក់ស្លាប់មនុស្ស នៅរមណីដ្ឋានទឹកជ្រោះប៊ូស្រានេះ គួរតែប្រធានអង្គភាពនៃមន្ទីទេសចរណ៍ខេត្ត មេត្តាជួយធ្វើការណែនាំយ៉ាង យកចិត្តទុកជំរុញដល់ ក្រុមហ៊ុនវិនិយោគ នៅទីនោះឲ្យធ្វើការអភិវឌ្ឍវិនិយោគ ប្រកបដោយលក្ខណៈបច្ចេកទេស ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យមានការទាក់ទាញ៕