(ក្រចេះ)៖ ច្រើនថ្ងៃកន្លងមកនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បង្កឱ្យមានទឹកជំនន់ រីឯទន្លេមេគង្គទឹកបានហក់ឡើងខ្ពស់ ធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ ២០៦ខ្នង ស្មើនឹង ៨៣២៤គ្រួសារ និងផ្ទៃដីកសិកម្ម ៥៣៦០ហិកតា មណ្ឌលសុខភាព សាលារៀន ទីអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។ ករណីនេះ អាជ្ញាធរខេត្តក្រចេះ បានជម្លៀសប្រជាពលរដ្ឋ ៥៩គ្រួសារ ទៅកាន់ទីទួលមានសុវត្ថិភាព ហើយក៏បានត្រៀមគ្រាប់ពូជដំណាំកសិកម្ម ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ នៅក្រោយរដូវទឹកសម្រក។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅថ្ងៃទី២១ ខែកញ្ញា ២០២៤ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យលំនៅឋាន និងវាយតម្លៃពីផលប៉ះពាល់ខ្នងផ្ទះ និងផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងការហក់ឡើង នៃទឹកទន្លេមេគង្គ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
លោក វ៉ា ថន ថ្លែងថា ក្រុមការងារនឹងវាយតម្លៃបូកសរុបផលប៉ះពាល់ ដើម្បីស្នើសុំស្រូវពូជចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពស្ដារឡើងវិញ ឱ្យបានទាន់ពេលវេលា បើទោះបីរដូវនេះជារដូវកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយចុះ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់អំពីស្ថានភាពអាកាសធាតុ និងការហក់ឡើងនៃទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ គឺនៅថ្ងៃទី២១កញ្ញា ទឹកបានហក់ឡើងជិតដល់ ២១ម៉ែត្រហើយ ពោល គឺទឹកស្ថិតក្នុងកម្ពស់ ២០.៨៥ម៉ែត្រ ខណៈប្រកាសអាសន្នទឹកមានកម្ពស់ ២២ម៉ែត្រ។ ប៉ុន្តែ បើមើលតាមស្ថានភាពទឹកក្នុងទន្លេជាក់ស្ដែង គឺមិនទាន់ទឹកធំទេ អ្វីដែលធ្ងន់ធ្ងរនោះ គឺមេឃបន្តមានភ្លៀងធ្លាក់ជ្រុំពី ៤ ទៅ ៥ថ្ងៃ ធ្វើឱ្យជន់លិចផ្ទៃបឹង ផ្ទៃដីស្រែ ដែលនៅជុំវិញដងទន្លេមេគង្គ និងវាលទំនាបមួយចំនួន តំបន់ខ្លះលិច ៤ថ្ងៃ និងតំបន់ខ្លះទៀត លិច ៥ថ្ងៃ។ ដូច្នេះ បើទឹកនៅតែបន្តហក់ឡើងទៀត ទឹកដែលមាននៅក្នុងបឹង និងនៅក្នុងស្រែស្រាប់នោះ នឹងកើនឡើងកាន់តែខ្លាំង ព្រោះទឹកភ្លៀងកាន់តែកើនឡើង អញ្ចឹងហានិភ័យច្បាស់ជាមាន ។
លោក វ៉ា ថន បន្តទៀតថា ទោះយ៉ាងណា ប្រជាជននៅមិនទាន់មានហានិភ័យធំទេ ដោយសាររដ្ឋបាលខេត្ត បានកសាងផ្លូវតាមការគ្រោងរបស់រាជរដ្ឋាភិបាល ពោល គឺ ផ្លូវសង់ខ្ពស់ពីទឹកនៅតំបន់ទឹកលិច។ ម្យ៉ាងវិញទៀត គិតមកដល់ពេលនេះ ការជម្លៀសមនុស្ស សត្វ មានចំនួនតិចតួចនៅឡើយ ។
យោងរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ កញ្ញា ២០២៤ ស្ថានភាពអាកាសធាតុ និងទឹកមានកម្ពស់ ២០.៨៥ម៉ែត្រ ទឹកហូរចូលគ្រប់ព្រែកចំនួន ២៨ព្រែក និងបានបង្កផលប៉ះពាល់ដល់ ៣៥ឃុំ/សង្កាត់ ស្មើនឹង ១៦៥ភូមិ ក្នុងក្រុង/ស្រុកចំនួន ៦ រួមមាន៖ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ និងក្រុងក្រចេះ ។
របាយការណ៍ដដែល បានបង្ហាញទៀតថា ជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានប៉ះពាល់ប្រជាពលរដ្ឋចំនួន ៨ពាន់ ៣២៤គ្រួសារ ស្មើនឹង ៣២ពាន់ ៧៥៦នាក់ ស្រី ១៦ពាន់ ២៦នាក់ ,ជម្លៀសប្រជាពលរដ្ឋ ៥៩គ្រួសារ ស្មើនឹង ២៥៤នាក់ ស្រី ១២៩នាក់, ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ២ពាន់ ២០៦ខ្នង សាលារៀន ២០កន្លែង មណ្ឌលសុខភាព ២កន្លែង វត្តអារាម ១៣កន្លែង អណ្តូងស្នប់ ២៨កន្លែង បង្គន់អនាម័យ ៨៩បង្គន់ និងអគារដ្ឋបាលឃុំ ១កន្លែង, ប៉ះពាល់លិចស្រូវសន្ទូង និងស្រូវពង្រោះ ៤ពាន់ ៩២២ ហិកតា ប៉ះពាល់លិចដំណាំចម្ការ និងដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) ៤៣៨ ហិកតា ជម្លៀសសត្វគោ ក្របី ២ពាន់ ៧៧៦ ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិឋាន, លិចផ្លូវលំប្រវែង ១១ម៉ឺន ១ពាន់ ៨៥២ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៣៣០ម៉ែត្រ ស្ពានឈើ ៩កន្លែង និងលូកាត់ផ្លូវ ៤៤កន្លែង។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានដាក់ចេញ នូវទិសដៅការងារបន្ត ដោយតម្រូវឱ្យប្រចាំការ ត្រៀមធនធានសម្ភារ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រប់ពេលវេលា៕