(ភ្នំពេញ)៖ រយៈពេលមួយខែនៃយុទ្ធនាការ «កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!» របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ចាប់ពីថ្ងៃទី២១ ខែសីហា មកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីកម្ពុជាស្អាត មានអ្នកចូលរួមគាំទ្រជាង ២ម៉ឺននាក់ ដោយបានស្ម័គ្រចិត្ដក្នុងការអនុវត្តប្រចាំថ្ងៃ ហើយរីករាយនឹងចែករំលែកវាជាមួយមិត្តភក្តិបន្តទៀត។
នេះបេីតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាព និងអនាគតនៃបរិស្ថាន នៅកម្ពុជា» នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានធ្វេីឡេីងក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Choi Moon Jung នាយកប្រចាំប្រទេសនៃការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីសិក្ខាកាមជាច្រេីនអ្នកទៀតផងដែរ។
តាមរយៈសិក្ខាសាលានេះ ក្រសួងបរិស្ថានបានចែករំលែកអំពីស្ថានភាពបរិស្ថានបច្ចុប្បន្នរបស់កម្ពុជា និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាបានបង្ហាញពីកិច្ចសហការបន្តរបស់ខ្លួនក្នុងវិស័យគ្រប់គ្រងសំណល់ ដែលផ្តោតលើសេដ្ឋកិច្ចចក្រា និងបរិស្ថាន។ ដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានព្យាករណ៍ពីបញ្ហាប្រឈមនាពេលអនាគតដែលអាចនឹងកើតមានកាន់តែអាក្រក់ទៅៗប្រសិនបើគ្មានសកម្មភាពបង្កាឬទប់ស្កាត់ណាមួយដែលត្រូវចាប់ផ្ថើមនៅថ្ងៃនេះ និងតួនាទីរបស់វិស័យអប់រំ។
នាឱកាសនោះលោក ជួប ប៉ារីស៍ បានចែករំលែកពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកម្ពុជាចំពោះបរិស្ថាន ស្អាត បៃតង និរន្តរភាព និងអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដោយលើកឡើងថា បញ្ហាប្រឈមបរិស្ថានដែលយើងកំពុងប្រឈម មិនអាចដោះស្រាយបានប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នានោះទេ។ យើងទាំងអស់គ្នាគួរតែរួមដៃគ្នា វាដល់ពេលដែលត្រូវធ្វើសកម្មភាពសម្រាប់ខ្លួនយើង និងមនុស្សជំនាន់ ក្រោយរបស់យើង។
លោកស្រី Choi Moon Jung បានឆ្លើយតបនឹងការអំពាវនាវរបស់លោករដ្ឋលេខាធិការ ដោយបង្ហាញពីគោលបំណងនៃសិក្ខាសាលាដោយមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកគំនិត យោបលរវាងគ្នានិងគ្នា។ ទីភ្នាក់ងារកយកា ជឿជាក់ថាដំណោះស្រាយ គឺ អាស្រ័យលើមនុស្សគ្រប់រូប។
តាមរយៈជំនឿជឿជាក់នេះ ទីភ្នាក់ងារកយកា បានគាំទ្រក្នុងការបង្កើតដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីបណ្ដុះ បណ្ដាលអ្នកមានទេពកោសល្យក្នុងការស្រាវជ្រាវ និងបង្កើតដំណោះស្រាយ សម្រាប់ការ ដោះស្រាយបញ្ហាបរិស្ថាន។
លោកស្រី Choi Moon Jung ក៏បានចែករំលែកនូវលទ្ធផលនៃយុទ្ធនាការរយៈពេលមួយខែរបស់ខ្លួន ដែលផ្តួចផ្តើមឡើងដើម្បីគាំទ្រ «កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!» កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅនេះដែលមានការចូលរួមរបស់លោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងការចាប់ផ្តេីមយុទ្ធនាការនេះ។
រយៈពេលមួយខែចុងក្រោយនេះ សកម្មភាពនេះបានដំណើរការតាមរយៈការចែករំលែក តាមបណ្តាញសង្គមដូចជា Facebook និង Instagram មានមនុស្សជាង 2,133នាក់បានប្តេជ្ញាចិត្តចំពោះការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទិកនៅក្នុងការអនុវត្តជីវិតប្រចាំថ្ងៃរបស់ពួកគេនៅក្នុងសាលារៀន ទីផ្សារ ហាងកាហ្វេ និងនៅផ្ទះ ហើយបានចែករំលែករូបភាព នៅលើការបង្ហោះ តាមរយៈបណ្តាញសង្គម ហេីយមានមនុស្សជាង 20,000នាក់បានមើលសកម្មភាពរបស់ក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់ពួកគេផងដែរ៕