(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះការការពារព្រំដែន និងជឿជឿជាក់លើបង្គោលព្រំដែន នឹងបន្តការពារបូរណភាពទឹកដីកម្ពុជារាប់ពាន់រាប់ម៉ឺនឆ្នាំតទៅទៀត។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសប្រជាពលរដ្ឋចូលរួមដំណើរទស្សនកិច្ចនៅតំបន់ព្រំដែន ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរូមមកទស្សនកិច្ចនៅតំបន់ព្រំដែន ដោយបានពិនិត្យបង្គោលព្រំដែនដោយផ្ទាល់ ហើយឃើញថាមិនមានការបាត់បង់ទឹកដីអ្វីឡើយ។
ពួកគាត់មានជំនឿចិត្តទៅលើការបោះបង្គោលព្រំដែនដែលនឹងការពារបូរណភាពទឹកដីកម្ពុជាបានយ៉ាងរឹងមាំរាប់ពាន់រាប់ម៉ឺនឆ្នាំ ពិសេសគឺជឿជាក់លើរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះការការពារព្រំដែន។
ប្រជាពលរដ្ឋក៏បានមើលឃើញការអភិវឌ្ឍផ្លូវថ្នល់ ហេដ្ឋារចនាសម្ពន្ធតាមព្រំដែន ការដាំដើមត្នោត ការរស់នៅយ៉ាងល្អប្រសើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។ នៅពេលត្រឡប់មកគេហដ្ឋានវិញ ពួកគាត់នឹងជួយផ្សព្វផ្សាយប្រាប់កូនចៅ ញាតិមិត្ត និងប្រជាពលរដ្ឋដទៃឱ្យបានដឹងពីស្ថានភាពពិតជាក់ស្ដែងនៅតាមព្រំដែន។
អ្វីដែលពួកគាត់ចង់ផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋដទៃ គឺសូមកុំជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួន ផ្ទុយទៅវិញ ត្រូវមកមើលឱ្យបានជាក់ច្បាស់នៅតំបន់ព្រំដែន និងតាមដានព័ត៌មានដែលផ្សាយពីការពិត ជៀសវាងការយល់ច្រឡំ ឬសន្និដ្ឋានខុសពីការពិត៕