(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចាកចេញពីមាតុប្រទេស ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណប្រជាមានិតចិន តបតាមការអញ្ជើញរបស់ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពនិងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ។
គណៈប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ។ តាមគម្រោង សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សា ការងារទ្វេភាគី ជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែង ការគួរសម លោក វ៉ាង ហ៊ូនីង (Wang Huning)ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជួបពិភាក្សាការងារជាមួយ លោក ឈិន ជីនីង (H.E. Mr. Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ជាដើម។
សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការ ក្នុងនីតិកាលទី៧នេះ។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។
រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។
ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងពិភពលោក ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់និងឆាប់រហ័ស ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕