(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា «ប្រាក់ខែគោលអប្បបរមា សម្រាប់គ្រូបង្រៀននៅឆ្នាំក្រោយនេះ នឹងឡើងដល់ជាង ៩០ម៉ឺនរៀល ដោយមិនទាន់បូកនូវអត្ថប្រយោជន៍ផ្សេងទៀត»។
សម្តេចបានថ្លែងបែបនេះ នៅក្នុងឱកាសនៃពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណកោះពេជ្រ។
សម្តេចបានបន្តថា «ប្រាក់ខែគ្រូបង្រៀនរបស់យើងឆ្នាំនេះមានត្រឹម ៨០០៥០០រៀល ហើយនៅខែមករា ឆ្នាំក្រោយនឹងឡើង ៨៥៣៥០០រៀល និងខែមេសានឹងឡើងដល់ ៩៥៣៥០០រៀល។ ដូច្នេះនៅទីជនបទមួយចំនួននឹងរៀបចំឱ្យមានប្រាក់តំបន់មាន៨ម៉ឺន ១០ម៉ឺន ១២ម៉ឺន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ និងស្តង់ដារគ្រូបង្រៀនផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា «គរុកោសល្យនៅតាមខេត្តមិនបន្ត៩បូក២ទៀតទេ គឺមាន១២បូក២ និងនៅពេលខាងមុខមាន១២បូក៤ ដើម្បីក្លាយជាគ្រូបង្រៀនបាន»៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖