(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ នៅវត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅទីអារាមខាងលេីផងដែរ។
នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ក៏បានថ្វាយធូប ទៀន ចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃនមស្សការព្រះរតនៈត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងបានប្រគេនយាគូ រាប់បាត្រ វេរភត្តាហារ ឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់វេនបិណ្ឌទី៥ ។
សូមបញ្ជាក់ថា ក្នុងឱកាសកាន់វេនបិណ្ឌទី៥នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បាននាំយកទេយ្យទានប្រគេនជូនព្រះសង្ឃរួមមាន៖ អង្ករ៥ ការ៉ុង ស្មើនឹង១២៥ គីឡូក្រាម, ត្រីខ ១កេស, មី ១ កេសធំ, ទឹកសុទ្ធ ២០យួរ និងបច្ច័យចំនួន ១០លាន ៧៩ម៉ឺនរៀល៕