(កំពង់ឆ្នាំង)៖ គម្រោងយ៉ាម៉ាហ្គូឈិស សម្រាប់តំបន់សុវត្ថិភាពសាលារៀន ដើម្បីសុវត្ថិភាពចរាចរណ៍នឹងអនុវត្តសាកល្បងដល់សាលាចំនួន២ដំបូងគេនៅប្រទេសកម្ពុជា គឺបានអនុវត្តក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលយុទ្ធនាការនេះបានបើកអនុវត្តសាកល្បង កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កម្មវិធីខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក តាកាជី មីឈីម៉ាសា (Takagi Michimasa) ប្រធានគម្រោងយ៉ាម៉ាហ្គូឈិស និង លោកស្រីតំណាងទីភ្នាក់សហប្រតិបត្តិការជប៉ុន ចាយការ និងលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង នាយកសាលានិងសហគមន៍អាណាព្យាបាលសិស្ស ។
លោក តាកាជី មីឈីម៉ាសា បានបញ្ជាក់ឱ្យដឹងថា គម្រោងដែលបានប្រកាសបើកសាកល្បងនេះ ជាគម្រោងដែលទទួលបានការគាំទ្រពីប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន ចាយកា (Jica) ក្នុងគោលបំណងឱ្យសាលាគោលដៅ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥មានសុវត្ថិភាពក្នុងការ ដែលសិស្សមកសិស្សានៅសាលា។ គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សបឋមសិក្សានិងមធ្យមសិក្សា តាមរយៈនៃការអនុវត្តជាប្រចាំនូវសុវត្ថិភាពចរាចរណ៍ ធ្វើយ៉ាងណាឱ្យក្លាយជាទម្លាប់ រហូតធ្វើការផ្លាស់ប្តូឥរិយាបទទាំងស្រុងនៃការគោរពច្បាប់ចរាចរណ៍។
លោក តាកាជី មីឈីម៉ាសា បានបញ្ជាក់ទៀតថា នៅពេលដែលគម្រោងនេះបានដំណើរការ នោះកុមារនិងយុវជននៅតាមសាលារៀន នឹងទទួលបានចំណេះដឹងគ្រប់គ្រាន់ទាក់ទងនិងសុវត្ថិភាពចរាចរណ៍ ហើយតាមរយៈគម្រោងនេះ នឹងផ្លាស់ប្តូរកែប្រែនូវទម្លាប់ និង ឥរិយាបទរបស់សិស្ស ដែលនឹងធ្វើឱ្យសិស្សទាំងអស់ រួមនិងសហគមន៍ក្លាយទៅជាអ្នកដឹកនាំល្អ ពលរដ្ឋល្អ និងជាអ្នកបើកបរល្អ ដោយនឹងបានចូលរួមពង្រឹងនូវសុវត្ថិភាពច រាចរណ៍បានផងដែរ។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏បានអរគុណយ៉ាងក្រៃលែងចំពោះក្រុមការ ងារដែលបានអញ្ជើញមកចូលរួមសហការបង្ហាត់បង្រៀនដល់សរសើរនិងសិស្សនិងប្រជាពលរដ្ឋ នៅវិធីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៥នេះ ដោយសារតែផ្លូវជាតិលេខ៥ ទើបតែស្ថាបនាថ្មីផ្លូវមានសភាពល្អ រថយន្តមានល្បឿនលឿន ដូច្នេះប្រជាពលរដ្ឋភាគច្រើនពិបាកក្នុងការឆ្លងកាត់ ដោយសារពួកគាត់មិនទាន់មានការយល់ដឹងអំពីផ្លាកសញ្ញាចរាចរណ៍ផ្សេងៗនៅលើដងផ្លូវ។ តែខណៈពេលនេះមានទាំងថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹកជញ្ជូន និងអង្គការចាយកាសហការគ្នាធ្វើការបណ្ដុះបណ្ដាល ដើម្បីឲ្យសុវត្ថិភាពចរាចរណ៍ប្រសើរឡើង បញ្ជៀសនៅគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោកសប្បាយរីករាយឥតឧបមា និងខិតខំចូលរួមអនុវត្តឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននៅអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់សាលាបឋមសិក្សាអណ្ដូងស្នាយក្នុងស្រុករលាភាខេត្តកំពង់ឆ្នាំងនេះ គឺជាសាលាគំរូក្នុងការអនុវត្តនៅការគោរពច្បាប់ចរាចរណ៍មុនគេផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី មឹន មាណាវី បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចាយកា ដែលជានិច្ចកាល តែងតែផ្តល់នូវគម្រោងថ្មីមកប្រទេសកម្ពុជា ពិសេសនោះគឺគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រោះថា ក្រោយពីគម្រោងសាងសង់ផ្លូវជាតិលេខ៥បានរួចរាល់ រាជរដ្ឋាភិបាលជប៉ុនបានគិតគូដល់សុវត្តិភាពចរាចរណ៍នៅលើដងផ្លូវ ដូចជាគម្រោងដែលដាក់ឱ្យសាកល្បងនាពេលនេះ ជាគម្រោងមួយដែលមានអត្ថប្រយោជន៍និងសំខាន់បំផុតដល់អ្នកប្រើប្រាស់ផ្លូវក្នុងពេលធ្វើដំណើរពិសេសសិស្សានុសិស្ស។
លោកស្រីថា ដើម្បីគម្រោងនេះបានដំណើរការដោយរលូនត្រូវមានការចូលរួមពីសហគមន៍សាលារៀន លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ហើយអនុវត្តជាប្រចាំ ពេលដែលសិស្សមកសាលារៀន និងពេលចេញពីសាលារៀន ដើម្បីបញ្ចៀសឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍។ ផ្លូវមានសារៈសំខាន់ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់ប្រជាជននិងសុវត្ថិភាពចរាចរណ៍។
ក្នុងឱកាសនោះ គណអធិបតីបានចែកសម្ភាៈសុវតិភាពចរាចរណ៍ដល់សាបឋមសិក្សាអណ្តូងស្នាយ និងអញ្ជើញពិនិត្យមើលការធ្វើបទបង្ហាញ របស់សិស្សានុសិស្ស ដែលជាអ្នកអនុវត្តគម្រោងនេះផងដែរ៕