(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ថ្មីៗនេះ បើនិយាយអំពីទង្វើរបស់សហរដ្ឋអាមេរិកដែលបានចោទប្រកាន់និងដាក់ទណ្ឌកម្មទៅលើលោក លី យ៉ុងផាត់ ក្រោមលេសចោទប្រកាន់ស្ដីពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការជួញដូរមនុស្ស និងការបង្ខិតបង្ខំកម្លាំងពលកម្ម ឬយ៉ាងនេះយ៉ាងនោះ គឺពិតជាធ្វើឲ្យយើងនឹកឃើញទៅដល់ប្រវត្ដិដ៏សោកសៅនៃបណ្ដាប្រទេសនានាលើពិភពលោក ពិសេសក្នុងរដ្ឋបាលលោកប្រធានាធិបតីអាមេរិក George W. Bush ដោយបានចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ាក់យ៉ាងក្ដែងៗថា" អ៊ីរ៉ាក់មានអាវុធនុយក្លេអ៊ែរមហាប្រល័យលោក" រហូតឈានដល់ប្រើកម្លាំងទ័ពទាំងកម្រោលរបស់ខ្លួនចូលលុកលុយប្រទេសអ៊ីរ៉ាក់ ហៅថា " សេរីភាពអ៊ីរ៉ាក់ " នាថ្ងៃទី២០ មីនា ឆ្នាំ ២០០៣ ទាំងដែលគ្មានភស្ដុតាងច្បាស់លាស់ រហូតមកដល់បច្ចុប្បន្នធ្វើឲ្យប្រទេសអ៊ីរ៉ាក់ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ប្រជាជាតិបែកបាក់ជាក្រុមៗ និងមិនទាន់រកឃើញស្រមោលនៃពន្លឺសន្ដិភាពនៅទ្បើយ។
ជាក់ស្ដែងបន្ទាប់ពីការចូលលុកលុយរយៈពេល១០ឆ្នាំក្រោយមក ចក្រភពអង់គ្លេសដែលបានចូលរួមយ៉ាងសកម្មជាមួយអាមេរិក បានសម្ដែងនូវការសោកស្ដាយរបស់ខ្លួនថា ការធ្វើសង្គ្រាមនៅអ៊ីរ៉ាក់នាឆ្នាំ២០០៣គឺជាកំហុសដ៏ធំមួយ បានធ្វើឲ្យសាធារណៈមតិអន្ដរជាតិនៅជុំវិញពិភពលោក បានផ្ទុៈនូវការភ្ញាក់ផ្អើលនិងធ្វើឲ្យប្រជាជនអង់គ្លេសខឹងសម្បាយ៉ាងខ្លាំង។
លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះ បើយើងពិនិត្យមើលទៅលើទង្វើរបស់សហរដ្ឋអាមេរិក ដែលបានមូលបង្កាច់និងចោទប្រកាន់ទៅលើលោក លី យ៉ុងផាត់ ក្រោមលេសពីឆ្នាំ ២០២២ - ២០២៤ មានរមណីយដ្ឋានសណ្ឋាគារភ្នំពេញ ឬរមណីដ្ឋានសណ្នាគារផ្សេងៗទៀតរបស់លោក លី យ៉ុងផាត់ បានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធទៅលើជនរងគ្រោះ ដោយការបោកបញ្ឆោតផ្តល់ការងារ ហើយជនរងគ្រោះត្រូវបានគេដកហូតទូរស័ព្ទ លិខិតឆ្លងដែន និងបង្ខិតបង្ខំកម្លាំងពលកម្មវាយដំធ្វើទារុណកម្មឆក់ខ្សែភ្លើង និងតម្រូវឲ្យបង់ប្រាក់រំលោះខ្លួនក្នុងចំនួនដ៏ច្រើន ឬគំរាមយកទៅលក់បន្តដើម្បីជាថ្នូរដោះលែង រហូតមានជនរងគ្រោះជាច្រើនត្រូវបានគេជួយសង្គ្រោះចេញពីក្រញាំឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ មានសញ្ជាតិផ្សេងៗជាច្រើន ជាអាទិ៍៖ចិន ,ឥណ្ឌា ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី ,សិង្ហបុរី ,ថៃ និងវៀតណាមជាដើម។
ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងហួសចិត្ដនិងសួរទៅវិញទាំងអស់សំណើចថា ឧបមាថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការជួញដូរមនុស្ស និងការបង្ខិតបង្ខំកម្លាំងពលកម្ម ឬយ៉ាងនេះយ៉ាងនោះ ដូចការមូលបង្កាច់និងចោទប្រកាន់ទាំងគ្មានភស្តុតាងច្បាស់លាស់របស់សហរដ្ឋអាមេរិកដូចបានអះអាងខាងលើទៅចុះ យើងសួរទៅវិញថា បណ្ដាជនជាតិដែលរងគ្រោះអស់ទាំងនោះ គឺសុទ្ធតែមានស្ថានទូតរបស់ពួកគេប្រចាំនៅកម្ពុជារៀងៗខ្លួន។ ហេតុអ្វីបានជាបណ្ដាស្ថានទូតនៃជនជាតិរបស់ពួកគេអស់ទាំងនោះមិនមានប្រតិកម្មអ្វីសោះ? តើបណ្ដាស្ថានទូតរបស់ពួកគេមិនស្រទ្បាញ់ពលរដ្ឋរបស់ខ្លួនទេឬអ្វី? ឬមួយសហអាមេរិកតាំងខ្លួនស្រទ្បាញ់ពលរដ្ឋជាជនរងគ្រោះទាំងអស់នោះជាងជាតិសាសន៍របស់ពួកគេឬយ៉ាងណា!?!។
ដូចនេះចំពោះទង្វើរបស់សហរដ្ឋអាមេរិកដែលបានចោទប្រកាន់និងដាក់ទណ្ឌកម្មទៅលើលោក លី យ៉ុងផាត់ ទាំងដែលគ្មានភស្ដុតាងច្បាស់លាស់និងអយុត្ដិធម៌នេះ គឺក្នុងចេតនាទុច្ចរិត ក្រោមលេសដោយយកក្រុមហ៊ុនជំនួញ មកធ្វើជាល្បែងនយោបាយឡប់ឡែដើម្បីបម្រើឲ្យមហិច្ឆិតាភូមិសាស្រ្ដនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ បានន័យថា មិនខុសពីអាមេរិកដែលបានចោទប្រកាន់មកលើកំពង់ផែរាមទាំងគ្មានភស្ដុតាងច្បាស់លាស់ថា ជាមូលដ្ឋានកងទ័ពចិននោះទេ។
នរណាៗក៏ដឹងដែរថា លោក លី យ៉ុងផាត់ ជាអ្នកជំនួញមានក្រុមហ៊ុនរមណីដ្ឋានសណ្ឋាគារប្រណិតៗ ល្បីៗទាំងលើឆាកជាតិនិងអន្ដរជាតិ ហេតុនេះឧបមាទៀតថា ប្រសិនបើមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការជួញដូរមនុស្ស និងមានការបង្ខិតបង្ខំកម្លាំងពលកម្ម ឬយ៉ាងនេះយ៉ាងនោះ ដូចទង្វើរបស់អាមេរិកដែលបានមូលបង្កាច់និងចោទប្រកាន់មែនទៅចុះ គឺច្បាស់ណាស់ ក្រុមហ៊ុនលោក លី យ៉ុងផាត់ នឹងមិនអាចទទួលបានការរីកចម្រើនក្នុងមុខរបរជំនួញរបស់ខ្លួនទ្បើយ។ ដោយហេតុថា ថៅកែនិងកម្មករត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ទើបមុខរបររកស៊ីមិនមានបញ្ហាអាចបន្តដំណើរទៅមុខនិងរីកចម្រើនទទួលបានផលផ្លែផ្កាទាំងអស់គ្នា ផ្ទុយទៅវិញបើថៅកែនិងកម្មករជាសត្រូវស៊ីសាច់គ្នា គឺប្រាកដណាស់ ថៅកែនឹងត្រូវបិទទ្វារក្រុមហ៊ុនជាក់ជាមិនខាន៕