(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃច័ន្ទនេះបានថ្លែងប្រកាសអំពាវនាវសារជាថ្មី ឲ្យបងប្អូនប្រជាពលរដ្ឋបន្តជួយ ទិញស្រូវពីប្រជាកសិករ ដើម្បីជួយដោះស្រាយវិបត្តិ របស់ពួកគាត់ ដែលកំពុងជួបបញ្ហា លើ ការធ្លាក់ថ្លៃតម្លៃស្រូវនៅកម្ពុជា។
សម្តេចតេជោ បានបន្តថា ខេត្តដែលជួបបញ្ហានេះមានបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ ដូចនេះសូមឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការជួយដោះស្រាយបញ្ហាមួយនេះ ដោយបន្តទិញ និងទិញស្រូវពីប្រជាពលរដ្ឋតាមលទ្ធភាពដែលមាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវបែបនេះ ខណៈសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ។
មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីនោះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវមួយទៀត គឺទាក់ទងនឹងដំណោះស្រាយបញ្ហាស្រូវ ដែលខុសរដូវ គឺបាត់ទីផ្សារស្រូវនៅ ក្នុង ៣ខេត្ត គឺខេត្ត បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋបន្តជួយទិញស្រូវកសិករដែលគាត់បានធ្វើការ ច្រូតកាត់រយៈពេលកន្លងមកនេះ ហើយខ្វះទីផ្សារ ពីព្រោះមិនដឹងថា ម៉េចទេ នាំគ្នាធ្វើបានផលច្រើន។ ប្រទេសថៃ ស្រូវនៅសល់ច្រើនណាស់ត្រូវបញ្ចេញ ចំណែកប្រទេសវៀតណាមវិញ បានធ្លាក់ការនាំចេញ២៣ភាគរយ។ បញ្ហានេះ កើតឡើងដោយសារតែប្រទេសនានា មានលទ្ធភាពផ្គង់ផ្គត់គ្រប់គ្រាន់»។
ពាក់ព័ន្ធនឹងបញ្ហានាំស្រូវចេញនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសប៉ូឡូញប្រទេសទី១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ និងទី២ប្រទេសបារាំង។
សូមជំរាបថា កាលពីពេលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន និង សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវ ឲ្យសាធារណជន ជាពិសេសមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជន ចួលរួមក្នុងចលនា «ជួយទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា» ផងដែរ។
ក្រោយពីមានការអំពាវនាវនេះឃើញថា មន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ សមាគម និងក្រុមហ៊ុនឯកជនមួយចំនួន បានចូលរួមនៅក្នុងចលនា «ជួយទិញស្រូវកម្ពុជា ដើម្បីជួយកសិករកម្ពុជា» ជាហូរហែរ។ តែយ៉ាងណាការចូលរួមហាក់ដូចជា នៅមានកំរិតនៅឡើយ ទើបមានការអំពាវនាវជាថ្មីពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖