(ភ្នំពេញ)៖ លោក KIHARA MINORU រដ្ឋមន្ត្រីការពារជាតិ បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដើម្បីថ្លែងអំណរគុណ ចំពោះការអនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសមជាមួយ សម្តេចកាលពីពេលថ្មីៗនេះ និងបានប្តេជ្ញាថា នឹងបន្តធ្វើការងារដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោករដ្ឋមន្ត្រីការពារជាតិ បានលើកឡើងដូច្នេះថា៖

«សម្តេចប្រធានព្រឹទ្ធសភាជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់!

ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះបំផុតជូនចំពោះ សម្តេចប្រធាន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយខ្ញុំ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា នាពេលថ្មីៗនេះ។

ខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានធ្វើការផ្លាស់ប្តូរទស្សនៈជាមួយ សម្តេចប្រធាន ស្តីពីទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា រួមទាំង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាក្នុងវិស័យការពារជាតិរបស់យើង។

ខ្ញុំសូមប្តេជ្ញាបន្តធ្វើការងារដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាក្នុងវិស័យការពារជាតិរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការគាំទ្របន្តរបស់ សម្តេចប្រធានចំពោះការងារនេះ។

ខ្ញុំនឹងមានឯកសិទ្ធិ ប្រសិនបើបានជួបពិភាក្សាការងារជាមួយ សម្តេចប្រធាន ជាថ្មីម្តងទៀត។

ខ្ញុំ សូមប្រសិទ្ធពរជូន សម្តេចប្រធាន មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ សូម សម្តេចប្រធាន ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»៕