(ព្រះវិហារ-ស្ទឹងត្រែង)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមជាមួយសាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកអភិបាលខណ្ឌ ធឹម សំអាន, សាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ និងសាលាខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសុដា អភិបាលខណ្ឌ បានចុះសួរសុខទុក្ខ និងបានឧបត្ថម្ភជាសម្ភារ និងថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនដល់កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ទិសប្រាសាទព្រះវិហារ, កងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជំនួសមុខឲ្យប្រតិភូ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងឱកាសនោះក្រៅពីសួរសុខទុក្ខនោះ គណៈប្រតិភូបានជូនអំណោយរួមមាន៖
-មីម៉ាម៉ា ចំនួន ៦០កេស
-ស្រាបៀរ ចំនួន ៦០កេស
-ទឹកក្រូច ចំនួន ៦០កេស
-ទឹកសុទ្ឋ ចំនួន ៦០កេស
-ទឹកត្រី ចំនួន ៦០យួរ
-ទឹកស៊ីអ៊ីវ ចំនួន ៦០យួរ៕