(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៖៤០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ56E1 ផ្លូវលេខ១៤៦ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីអំពើលួចម៉ូតូ៣គ្រឿង និងកង់ ០១គ្រឿង បានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ ទើបកម្លាំងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ វ៉ន ឌី អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ
ទី២៖ ឈ្មោះ រិទ្ធ ណារ៉ុង អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

ក្រោយឃាត់ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលបានដកហូតសម្ភារវត្ថុ រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក HONDA PCX ពណ៌ខ្មៅ ស៊េរី២០១៣ គ្មានផ្លាកលេខ (ម៉ូតូជនរងគ្រោះ), ម៉ូតូ១គ្រឿង ម៉ាក Suzuki Smash ពណ៌ក្រហម គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), ម៉ូតូសណ្តោងរឺម៉ក១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរី២០១៤ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងបន្តនីតិវិធី៕