(កំពង់ស្ពឺ)៖ ក្មេងប្រុសស្រី ២នាក់បងប្អួន ​បាន​ស្លាប់ភ្លាមៗ​ និង២នាក់ផ្សេងទៀត បានរងរបួសធ្ងន់​ក្នុងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ រវាងម៉ូតូបុកជាមួយម៉ូតូ ខណៈមេឃរកកលចង់ភ្លៀងហើយងងឹត។​ ហេតុការណ៍នេះ បានកើតបានឡើងលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែតលេខ៩៩-១០ ចំណុចផ្សារពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ។

មន្ត្រីមូលដ្ឋាននៅចំណុចខាងលើ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលបង្កឡើងដោយម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងនោះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានបើករត់គេចបាត់ក្រោយពេលកើតហេតុ តែបានបន្សល់ទុក​អ្នកជិះពីក្រោយម្នាក់ ឈ្មោះ អាន វីរៈ​ អាយុ២៩ឆ្នាំ របួសធ្ងន់ (ធ្លាក់ពីលើម៉ូតូដែលជិះរត់)។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននិយាយថា អ្នកទាំងអស់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក YAVMAHA ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខបើក​បរ​ដោយឈ្មោះ ពុធ រ័ត អាយុ១៤ឆ្នាំ (ស្លាប់) រួមទាំងអ្នកជិះជាមួយ ២នាក់ទៀត មាន​ឈ្មោះ​ ញឹក ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ (របួស​ធ្ងន់) និងឈ្មោះ ពុធ ថាវីន ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់ដែរ) ពួកគេមានទីលំនៅ​ភូមិទី៦​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្ត​សញ្ញាណភាគីម៉ូតូម្ខាងទៀត ដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះសាក​សពប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យ៕