(ឡាវ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
កិច្ចប្រជុំនេះ មានការចូលរួមពីតួអង្គសំខាន់ៗ ក្នុងគោលបំណងពង្រឹងកិច្ចសន្ទនាគោលនយោបាយឲ្យកាន់តែស៊ីជម្រៅ រវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។ វាអាចជួយពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយប្រើប្រាស់ឲ្យបានពេញលេញនូវការផ្តល់ឱ្យរបស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់។
លោកអគ្គលេខាធិការអាស៊ាន បានបន្ដចូលរួមក្នុងកិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធលើកទី២៩។ កិច្ចប្រជុំនេះ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពន្លឿនការចូលជាធរមាននូវពិធីសាទី ២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដែលសំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ដោយផ្តោតលើសហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីចូលរួម និងទាញយកអត្ថប្រយោជន៍យ៉ាងពេញលេញពីការផ្តល់ឱ្យរបស់តំបន់ពាណិជ្ជកម្មសេរីនេះ។
ក្រោយមកលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ កិច្ចប្រជុំបានពិភាក្សាជុំវិញវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន រួមទាំង តាមរយៈការបន្តអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីគំនិតផ្តួចផ្តើមសហការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន ដោយផ្តោតលើសេដ្ឋកិច្ចឌីជីថល និរន្តភាព និងកិច្ចសហការជាមួយវិស័យឯកជនផងដែរ។
លុះនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១២។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញទស្សនៈវិស័យសេដ្ឋកិច្ចតំបន់ និងបានពិភាក្សារកវិធីឱ្យប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អាចធ្វើសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយការប្រឈមសេដ្ឋកិច្ចសកល។ កិច្ចប្រជុំក៏បានពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានភាពស្វាហាប់ នៅក្នុងតំបន់។
ជាមួយគ្នានោះ លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Piyush Goyal រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតជុំវិញយុទ្ធសាស្ត្រដើម្បីពង្រឹងការតភ្ជាប់រវាងអាស៊ាន និងឥណ្ឌា ពង្រឹងការចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃសកល និងរៀបចំចក្ខុវិស័យជាយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក្នុងការដោះស្រាយការប្រឈមនានា នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចសកលដែលកំពុងតែវិវត្តន៍។
អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Nicola Grigg អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីទទួលបន្ទុកស្ត្រី និងអនុរដ្ឋមន្ត្រីកសិកម្ម នូវែលសេឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងនូវែលសេឡង់ ជាពិសេស ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ បរិវត្តកម្មឌីជីថល កិច្ចសហប្រតិបត្តិការនិរន្តភាព កសិកម្ម និងពាណិជ្ជកម្មប្រកបដោយបរិយាប័្នន ជាដើម។
បន្ថែមពីនេះ លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Yoshida Nobuhiro អនុរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងជប៉ុន តាមរយៈកិច្ចសហការបន្តនៅក្រោមការរៀបចំពេលអនាគត និងផែនការសកម្មភាពសម្រាប់ការបង្កើតរួមគ្នាសេដ្ឋកិច្ចអាស៊ាន-ជប៉ុនដែលមានភាពច្នៃប្រឌិត និងប្រកបដោយចីរភាពឆ្នាំ២០២៣-២០៣៣ ក៏ដូចជា ការអនុវត្តដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
ក្រោយមកលោកបានជួបពិភាក្សាការងារជាមួយលោក Inkyo Cheong រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងការធ្វើឱ្យប្រសើរឡើង AKFTA ព្រមទាំងវិធានការផ្សេងទៀត ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កូរ៉េ៕