(ពោធិ៍សាត់)៖ លោកតា លោកយាយ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន៣០៥នាក់ មកពី៨ភូមិ ក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបុណ្យកតញ្ញូជូន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណវត្តស្បូវរីក ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ។
លោក យឹម វិសិដ្ឋ និងលោក ខូយ រីដា បានថ្លែងស្រដៀងគ្នាថា បុណ្យកតញ្ញូ ដែលបានប្រារព្ធធ្វើនាពេលនេះ គឺជាលើកទី៩ហើយ ក្នុងគោលបំណងផ្តល់ជូននូវសម្ភារៈ បរិក្ខា និងថវិកាមួយចំនួន ឱ្យបានមុន នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។
ការបង្កើតឲ្យមានកម្មវិធីបុណ្យកតញ្ញូនេះឡើង គឺអនុវត្តទៅតាមអនុសាសន៍ណែនាំរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានឲ្យក្រុមការងារតាមបណ្តាក្រុងស្រុក រៀបចំឱ្យមានកម្មវិធីបុណ្យនេះឡើង គ្រប់ឃុំសង្កាត់ទូទាំងខេត្ត ឲ្យបានមុនពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។
ថ្នាក់ដឹកនាំទាំង២ បានបន្តថា «បុណ្យកតញ្ញូ» ដែលក្រុមគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រៀបចំនាពេលនេះ ក៏ដូចកន្លងមក គឺគ្រាន់តែជាការផ្តួចផ្តើមគំនិត ដើម្បីឱ្យកូនចៅ មានឱកាសសុំខមាលទោស ពីសំណាក់អ្នកមានគុណ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សាកូន កុំឲ្យមានបាបកម្ម និងតបស្នងសងគុណ តាមរយៈនៃកម្មវិធីបុណ្យកតញ្ញូនេះ ឲ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។
លោក យឹម វិសិដ្ឋ និងលោក ខូយ រីដា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីសេចក្តីស្លាប់ បានរស់ជាលើកទី២ និងបាននាំយកសន្តិភាព ធ្វើការអភិវឌ្ឍន៍ប្រទេស តាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើន សម្បូរសប្បាយដូចបច្ចុប្បន្ន។ ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ និងជួយដោះស្រាយរាល់ការលំបាក របស់ប្រជាជនគ្រប់កាលៈទេសៈ។
ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះមកនាពេលនេះ ក៏ដូចពេលកន្លងមក គឺជាការចាត់ចែងរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយមើលពីតម្រូវការបំពេញបន្ថែម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងហេដ្ឋារចនាសម័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន ក៏ដូចជាជួយវិស័យសុខាភិបាល ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជួយវិស័យអប់រំ ដោយបានជួយដល់សិស្សានុសិស្ស ពិសេសសិស្សថ្នាក់ទី១២ ឲ្យមានការប្រឡងសាកសមត្ថភាព និងមានគ្រូសម្រាប់បង្រៀនបំប៉នបន្ថែម រហូតប្រឡងបញ្ចប់ការសិក្សា និងបន្តសិក្សានៅថ្នាក់ឧត្តម ឬជំនាញវិជ្ជាជីវៈ។
លោក យឹម វិសិដ្ឋ និងលោក ខូយ រីដា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ ដោយបានកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារ និងកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាព។ លោកសូមគោរពដឹងគុណចំពោះ លោកតា លោកយាយទាំងអស់ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ។
ក្នុងឱកាសនោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក៏បានចែកជូនទ័យទាន ជូនលោកតា លោកយាយ ចំនួន៣០៥នាក់ ក្នុងម្នាក់ៗទទួលបាន ស៊ុម និងរូបថត១សន្លឹក សំលៀកបំពាក់មួយកំប្លេរ ស្បែកជើងផ្ទាត់១គូរ និងថវិកា១ម៉ឺនរៀលផងដែរ៕