(កំពង់ស្ពឺ)៖ លោក លេង ផាលី រដ្ឋលេខាធិកាក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានទី១ ចុះជួយស្រុកឱរ៉ាល់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានចុះជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋានដល់ប្រជាការពារចំនួន ៩០កំប៉្លេ នៅសាលាឃុំ ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ហោងសំណំ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ហោងសំណំ សមាជិកក្រុមការងារចុះជួយឃុំហោងសំណំ ក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្តិ៍ ប៉ូលីសបុស្តិ៍ និងប្រជាការពារទាំង ៩ភូមិក្នុងឃុំហោងសំណំ។
នាឱកាសនោះលោក លេង ផាលី បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ប៊ិន ត្រឈៃ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឱរ៉ាល់ដល់ប្រជាការពារទាំងអស់ ដែលលោកប្រធានតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ និងជូនពរពួកគាត់ជួបប្រទះតែសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ។
លោក លេង ផាលី បានជម្រាបជូនអង្គពិធីអំពីការខិតខំ ប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម័យកាល សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិតីកាលទី៧ បានអភិវឌ្ឍប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនជឿនលឿន រុងរឿងថ្កុំថ្កើងរហូតដល់សព្វថ្ងៃនេះ និងបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឱ្យក្លាយជាប្រទេសអ្នកមានកម្រិតមធ្យមក្នុងឆ្នាំ ២០៣០ និងជាប្រទេសអ្នកមានកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។
លោក លេង ផាលី បានសំណូមពរប្រជាការពារទាំងអស់គ្នា បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងឃុំ ឱ្យកាន់តែយល់ច្បាស់ នូវការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា និងកុំចាញ់ឧបាយកលជនអគិតិមួយក្តាប់តូច និងបានសំណូមពរដល់ប្រជាការពារទាំងអស់ បំពេញនូវតួនាទីភារកិច្ច ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន តាមគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
លោក លេង ផាលី បានបញ្ជាក់ថា ឯកសណ្ឋានប្រជាការពារ ៩០កំប៉្លេ ចែកជូនប្រជាការពារនៅឃុំហោងសំណំនៅពេលនេះ រួមមានអាវ ខោ មួក ស្បែកជើង កញ្ចែ សរុបជាថវិកា ៨.៤៨៧.០០០រៀល ដែលជាថវិកាផ្ទាល់របស់លោកបណ្ឌិត កែរ រដ្ឋា ហើយ លោកបណ្ឌិត នឹងប្រគល់ជូនអាយកូមចំនួន ៣០គ្រឿង ជាបន្តទៀតនៅពេលក្រោយ ៕