(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទៅដល់ប្រទេសរុស្ស៊ីហើយ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ។ លោក ប្រាក់ សុខុន បានទៅដល់រុស្ស៊ី បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាសហប្រធានកិច្ចប្រជុំ គណៈកម្មការអន្តរដ្ឋាភិបាលកម្ពុជា-រុស្ស៉ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ត្រូវធ្វើទស្សកិច្ចការងារ នៅប្រទេសរុស្ស៉ី រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០១៦នេះ។
អំឡុងទស្សនកិច្ចនោះ លោក ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួមផងដែរ៕