(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើគំនិតផ្តួចផ្តើម ការប្តេជ្ញា និងការចូលរួមចំណែករបស់ក្រុមការងារ ក្នុងការជួយជម្រុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។
ជាមួយគ្នានេះដែរ រាល់ធាតុចូល បញ្ហាប្រឈម, សំណូមពរដែលលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ លោករដ្ឋមន្រ្តី នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា៕